សៀមរាប ៖ អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ រួមទាំងអ្នកស្រាវជ្រាវកូរ៉េ បានពិភាក្សាផ្លាស់ប្ដូរយោបល់លម្អិតតាមជំនាញនីមួយៗ ដើម្បីបំពេញការងារអភិរក្សក្នុងការប្រើប្រាស់បច្ចេកទេស និងសម្ភារៈដែលមិនប៉ះពាល់ដល់ការជួសជុលព្រះពុទ្ធរូប ពីរអង្គ សម័យក្រោយអង្គរ ស្ថិតនៅប្រាង្គកណ្តាល នៃប្រាសាទប្រែរូប។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឲ្យដឹងថា បច្ចុប្បន្ន ក្រុមអ្នកជំនាញ បានសម្រង់ស្ថានភាពខូចខាត រកបំណែកព្រះពុទ្ធរូបទាំងពីរអង្គដែលបាត់បង់ សម្អាត និងផ្គុំបំណែកដែលរកឃើញនោះទៅនឹងដងខ្លួនពុទ្ធរូបរួចរាល់អស់ហើយ។
ចំពោះការងារដែលនៅសល់ត្រូវធ្វើបន្ត គឺ ការសិក្សា លើសមាសធាតុបន្សំ នៃសម្ភារៈនីមួយៗ ដែលខ្មែរបុរាណយកមកធ្វើពុទ្ធរូប មានដូចជា ១.ថ្មភក់ ពុទ្ធរូបទាំងពីរអង្គធ្វើឡើងដោយការផ្គុំថ្មភក់ច្រើនដុំប្រភេទផ្សេងៗគ្នា ដែលខ្លះសន្និដ្ឋានថា យកពីប្រាសាទនៅក្នុងតំបន់ ឯខ្លះទៀតមិនដឹងប្រភពទេ។ ២. ខ្មុកម្រ័ក្សណ៍ ដែលខ្មែរបុរាណយកមកប៉ាតលាបលើរូបបដិមា។ ៣.ពហុវណ្ណភាព (ពណ៌ចម្រុះ) ៖ មានទឹកពណ៌មាស និងក្រហមជាដើម ដែលមិនទាន់ដឹងថា ខ្មែរបុរាណយកមកពីប្រទេសចិន ប្រទេសជិតខាង ឬផលិតខ្លួនឯង។ ៤.កំបោរបាយអម្រ័ក្សណ៍ ពាសបាយអ ដើម្បីភ្ជិតកន្លែងប្រហោង ហើយលាបម្រ័ក្សណ៍ពីលើរូប។ ៥.ដែក មានមូល ស្រួច ទាល ជ្រុង ដែលបុរាណយកធ្វើជន្លួញ ធ្វើខ្ចាប់ ដើម្បីតដុំថ្មមួយទៅមួយទៀត ក្នុងការធ្វើរូបបដិមា ហើយមានគុណភាពល្អ ប្រើបានយូរ។ ៦.ឈើ ធ្វើជាស្នៀត ពន្លួញឈើដើម្បីតថ្ម។ ៧.គ្រឿងលម្អ នៅលើស្បង់ចីវរ ខ្សែក្រវាត់មានលម្អដោយសំបកសិប្បិសត្វយ៉ាងស្រស់ស្អាត។
ចំពោះសំណាកខ្មុកម្រ័ក្សណ៍និងគ្រឿងលម្អ ក្រុមការងារបានយកទៅពិសោធនៅប្រទេសកូរ៉េ ដើម្បីដឹងពីប្រភព និងអាយុកាល ដែលបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល។
លោកបន្តទៀតថា ដោយសារសម្ភារៈដែលយកមកប្រើមានភាពចម្រុះ តម្រូវឲ្យអ្នកជំនាញផ្នែកនីមួយៗ ត្រូវស្វែងយល់របៀប នៃការប្រើប្រាស់ និងប្រភព នៃវត្ថុធាតុដើម។ ដូច្នេះ លោកក៏បានទាមទារឲ្យក្រុមការងារសម្រង់ព័ត៌មានខូចខាតឲ្យអស់ ពិនិត្យមើលស្លាកស្នាមជាលក្ខណៈពិសេស នៃបច្ចេកទេសបុរាណលើរូបព្រះពុទ្ធ។ កំណត់កូដពណ៌ឲ្យបានច្បាស់លាស់ទៅលើភាពខូចខាត នៃសំណង់ ហើយសម្ភារៈពីបុរាណដែលអាចប្រើការបាន ត្រូវយកមកប្រើឡើងវិញ ដោយមានការពិនិត្យយ៉ាងហ្មត់ចត់ពីវិស្វករ ទៅលើភាពធន់ និងភាពមាំ នៃការទ្រទម្ងន់បដិមា។
លើសពីនោះ ត្រូវមានអ្នកជំនាញ 3D Scaning ដើម្បីមានភាពងាយស្រួល និងដឹងច្បាស់អំពីបច្ចេកទេសកាន់តែលម្អិតក្នុងការបំពេញបន្ថែមរូបដែលបាត់បង់ឲ្យត្រូវនឹងរូបពិត។
ក្នុងនោះដែរ ដើម្បីបន្ថែម និងពង្រឹងសមត្ថភាព នាយកដ្ឋាន ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលបុគ្គលិកជំនាញ ទាក់ទងនឹងការពង្រាងរូបផងដែរ ដើម្បីធ្វើឲ្យការអភិរក្ស និងជួសជុលកាន់តែល្អប្រសើរ។
សូមបញ្ជាក់ដែរថា ពុទ្ធបដិមាទាំងពីរអង្គ នៅប្រាង្គកណ្តាលប្រាសាទប្រែរូប គឺបានបាត់បង់ព្រះកេស ព្រះហស្តទាំងស្រុង និងដាច់ត្រឹមកជើង។
បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពីថ្មភក់ក្នុងរចនាបថបាយ័ន ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈលម្អដោយខ្មុកនិងម្រ័ក្សណ៍ មានក្បាច់បិទលម្អដោយគ្រឿងសិប្បិសត្វថែមទៀត។
បើតាមលក្ខណៈសម្គាល់ខាងផ្នែកក្បាច់លម្អ និងរចនាបថ បង្ហាញថា ព្រះពុទ្ធរូបទាំងពីរអង្គរនេះប្រហែលជាធ្វើឡើងក្នុងសម័យកណ្តាល (ស.វទី១៥-១៦) ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយ គឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
បច្ចុប្បន្ន មានប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមាទាំងពីរអង្គនេះថា «លោកតាសៅ»៕
Source: Kampuchea Thmey Daily
0 Comments