កំពង់ចាម ៖ ទេសចរណ៍ជនជាតិអាមេរិកម្នាក់ ត្រូវគេប្រទះឃើញក្នុងសភាពហេវហត់ខ្លាំង ស្ទើរដើរមិនរួច នៅម្តុំមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម ហើយត្រូវបានកម្លាំងនគរបាលក្រុងកំពង់ចាម និងម្ចាស់សណ្ឋាគារមេគង្គជួយសង្គ្រោះ រួចបញ្ជូនទៅស្ថានទូតអាមេរិកនៅភ្នំពេញ។
លោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ជនបរទេសខាងលើនេះឈ្មោះ HEINRCKDANIEL STEPHAN ភេទប្រុស កើតថ្ងៃទី២២.៧.១៩៤១ ជនជាតិអាមេរិកកាំងលិខិតឆ្លងដែនលេខ584004683 កាន់ទិដ្ឋាការលេខTI 00492938 (ទេសចរណ៍)។
លោកអធិការបានបន្តថា ក្រោយពេលជួបជនបរទេសនេះរួច សមត្ថកិច្ចបានយកគាត់ឲ្យសម្រាកក្នុងសណ្ឋាគារមេគង្គ និងផ្តល់អាហារឲ្យគាត់ហូបឆ្អែត តាមតម្រូវការរបស់គាត់ ជាជនបរទេស។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោក អ៊ឹង ប៊ុន បានទំនាក់ទំនងទៅស្ថានទូតអាមេរិកប្រចាំកម្ពុជានៅរាជធានីភ្នំពេញ។
ក្រោយទទួលបានការជូនដំណឹងនេះរួចហើយ ខាងស្ថានទូតអាមេរិក បានសំណូមពរឲ្យសមត្ថកិច្ចបញ្ជូនជនបរទេសខាងលើទៅភ្នំពេញ ដោយខាងស្ថានទូតរង់ចាំទទួលនៅមុខមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
លោក អ៊ឹង ប៊ុន បានបន្តថា ដោយឃើញថា សុខភាពជនបរទេសនេះ មានសុខភាពល្អវិញហើយ សមត្ថកិច្ចក៏បាននាំទេសចរអាមេរិកខាងលើនេះ ឡើងរថយន្តទៅភ្នំពេញ និងជូនថវិកា១៥ដុល្លារសម្រាប់ចាយវាយតាមផ្លូវ។
លោក STEPHEN បានសំដែងសេចក្ដីត្រេកអរដល់នគរបាលក្រុងកំពង់ចាម ដែលបានសង្គ្រោះរូបគាត់កំពុងធ្លាក់ខ្លួន។
ក្នុងនោះដែរ លោក អ៊ឹង ប៊ុន បានថ្លែងអំណរគុណដល់ម្ចាស់សណ្ឋាគារមេគង្គ ដែលបានផ្តល់បន្ទប់ស្នាក់នៅដល់ទេសចរណ៍បរទេសដោយមិនគិតថ្លៃ។
កាយវិការ និងទង្វើដ៏ល្អរបស់សមត្ថកិច្ចនគរបាលក្រុងកំពង់ចាម និងម្ចាស់សណ្ឋាគារមេគង្គ ជាសប្បុរសធម៌ និងជាគំរូដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចគ្រប់រូប ត្រូវយកធ្វើជាគំរូ ហើយក៏ជាមោទនភាពរបស់ជាតិខ្មែរលើពិភពលោក បញ្ជាក់ថា ជាតិខ្មែរជាជាតិមួយស្លូតត្រង់ ចេះជួយយកអាសាគ្នាដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ៕
Source: Kampuchea Thmey Daily
0 Comments