បាត់ដំបង ៖ ជនរងគ្រោះម្នាក់ ដែលគេស្គាល់ថាជានាយកសាលាបឋមសិក្សានោះ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកែច្នៃដឹកឥវ៉ាន់ និងម៉ូតូ។ នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានឲ្យដឹងថា បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ថ្មីៗនេះ ស្ថិតនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបង្កឡើងរវាងរថយន្តកែច្នៃ និងម៉ូតូ ខណៈភាគីទាំងពីរ បានធ្វើដំណើរក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ អ៊ុំ វណ្ណះ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនាយកសាលាបឋមសិក្សា(រកាបុស្ស)រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងដែរថា មុនកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខបាត់ដំបង១Q.៩១៣១ ស៊េរី២០១៥ លុះដល់ចំណុចកើតហេតុស្រាប់តែបានប៉ះជាមួយរថយន្តកែច្នៃដែលដឹកអីវ៉ាន់សំពីងសំពោង ដួលបោកក្បាលបែក ហើយផ្នែកខាងជើងជនរងគ្រោះបានអូសចូលក្រោមរថយន្តបណ្ដាលឲ្យកិនពីលើបាក់ខ្ទេច១កំណាត់ខាងក្រោមថែមទៀត ភ្លាមៗ ក្រោយកើតហេតុ អ្នកបើកបររថយន្តច្នៃក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយសមត្ថកិច្ចចុះអន្តរាគមន៍ បច្ចុប្បន្នរថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល រង់ចាំបន្តនីតិវិធីនៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីប្រគល់សាកសពយកទៅលំនៅដ្ឋាន និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments