ភ្នំពេញ ៖ ទំនាស់ឈានដល់ការប្រើអំពើអំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើង ដោយប្តីវាយប្រពន្ធបណ្ដាលឲ្យបែកក្បាលនៅតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៥៧ កែងផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា បុរសជាប្ដីឈ្មោះ សុង សេរី អាយុ៣៨ឆ្នាំ ចំណែកប្រពន្ធឈ្មោះ សឿន ចន្ថា អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំង២ស្នាក់នៅផ្ទះបណ្ដោះអាសន្នជាមួយគ្នា ម្តុំសង្កាត់ទឹកល្អក់៣ និងមានស្រុកកំណើត នៅខេត្តកណ្ដាល។ ពួកគេជាពោះម៉ាយ និងមេម៉ាយ បានរួមរស់ជាមួយគ្នាជាងមួយឆ្នាំ ជាប្តីប្រពន្ធ ដោយមិនបានឆ្លងកាត់អាពាហ៍ពិពាហ៍នោះឡើយ។
តាមការរៀបរាប់ខាងបុរសបានឲ្យដឹងថា ពួកគាត់ទាំង២ឈ្លោះគ្នាស្ទើររាល់ថ្ងៃ ហើយនៅថ្ងៃកើត ហេតុនេះ គឺពួកគាត់ទើបចេញពីផឹកស៊ីនៅហាងមួយ ដោយជិះម៉ូតូឌុបគ្នាតាមដងផ្លូវឈ្លោះគ្នារហូត ទើបគាត់ទ្រាំមិនបាន ក៏ឈប់ម៉ូតូឈ្លោះប្រកែក និងវាយតប់រហូតប្រពន្ធ គាត់បែកក្បាលបែបនេះ។
បន្ទាប់ពីរងរបួសបែកក្បាល ស្ត្រីជាប្រពន្ធ បានអង្គុយយំស្រែក មិនព្រមឡើងជិះម៉ូតូទៅផ្ទះតាមការលួងលោមរបស់ប្តីនោះទេ ដើម្បីឲ្យប្រជាពលរដ្ឋជួយធ្វើជាសាក្សី។
ក្រោយមក ក៏មានសមត្ថកិច្ចចុះទៅដល់ ដើម្បីអន្តរាគមន៍តាមនីតិវិធី ប៉ុន្តែស្ត្រីរងគ្រោះបានយល់ព្រមសុខស្រួលជាមួយប្តីវិញ ក្រោយប្តីបានសំពះសុំទោស និងសន្យាឈប់ ធ្វើបែបនេះ រួចនាំគ្នាជិះម៉ូតូចេញបាត់ទៅ៕
Source: Kampuchea Thmey Daily
0 Comments