យោងតាមការរកឃើញនៃការស្ទង់មតិលើកដំបូងលើការប្រព្រឹត្តពុំត្រឹមត្រូវ ដែលចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា បុគ្គលិកអង្គការសហប្រជាជាតិមួយភាគបី បានរាយការណ៍ថា បានជួបប្រទះនឹងការយារយីខាងផ្លូវភេទនៅស្ថាប័នពិភពលោកមួយនេះក្នុងរយៈពេលពីរឆ្នាំចុងក្រោយ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់បុគ្គលិកនៅក្នុងលិខិតមួយថា ការសិក្សានេះរួមមានស្ថិតិនិងភស្តុតាងមួយចំនួននៃអ្វីដែលចាំបាច់ត្រូវតែផ្លាស់ប្តូរដើម្បីកែលម្អកន្លែងការងារនៅអង្គការសហប្រជាជាតិ។
អ្នកឆ្លើយសំណួរម្នាក់ក្នុងចំណោមបីនាក់ឬស្មើនឹង៣៣ភាគរយបានរាយការណ៍អំពីការយាយីផ្លូវភេទយ៉ាងហោចណាស់មួយករណីនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ប្រភេទនៃការយាយីផ្លូវភេទជាទូទៅបំផុតគឺជារឿងរ៉ាវផ្លូវភេទឬរឿងកំប្លែងដែលប្រមាថមើលងាយឬនិយាយប្រមាថមើលងាយអំពីរូបរាងកាយឬសកម្មភាពផ្លូវភេទ។
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ Deloitte កាលពីខែវិច្ឆិកាបានឲ្យដឹងថា បុគ្គលិកអង្គការសហប្រជាជាតិក៏ត្រូវបានគេកំណត់គោលដៅផងដែរសម្រាប់ការប៉ុនប៉ងក្នុងការអូសទាញពួកគេឲ្យចូលទៅក្នុងការពិភាក្សាអំពីបញ្ហាផ្លូវភេទ កាយវិការរំលោភបំពាននិងការប៉ះពាល់។
ការស្ទង់មតិនេះបានបង្ហាញថា ពីរនាក់ក្នុងចំណោមអ្នកយាយីបីនាក់គឺជាបុរសហើយម្នាក់ក្នុងចំណោមបួននាក់គឺជាអ្នកមើលការខុសត្រូវឬអ្នកគ្រប់គ្រង។ ស្ទើរតែម្នាក់ក្នុងចំណោមអ្នកយាយីដប់នាក់គឹជាថ្នាក់ដឹកនាំជាន់ខ្ពស់។
នៅក្នុងលិខិតមួយផ្ញើទៅកាន់បុគ្គលិក លោក Guterres បានថ្លែងថា ការស្ទាបស្ទង់មតិស្តីពីការរីករាលដាលនៃការយារយីខាងផ្លូវភេទនេះគឺអាចប្រៀបធៀបទៅនឹងអង្គការដទៃទៀតបានប៉ុន្តែអង្គការសហប្រជាជាតិដែលជាអ្នកការពារសមភាព ភាពថ្លៃថ្នូរនិងសិទ្ធិមនុស្សគឺត្រូវតែកំណត់ស្តង់ដារខ្ពស់។
កាលពីខែកុម្ភៈឆ្នាំមុន អង្គការសហប្រជាជាតិបានបើកបណ្តាញជំនួយ២៤ម៉ោងសម្រាប់បុគ្គលិកដើម្បីរាយការណ៍ពីការយារយីខាងផ្លូវភេទហើយក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិត្រូវបានប្រគល់ភារកិច្ចក្នុងការដោះស្រាយពាក្យបណ្តឹងទាំងអស់៕ AFP
Source: Kampuchea Thmey Daily
0 Comments