កណ្ដាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងរថយន្ត លើផ្លូវជាតិលេខ១ ទិសដៅស្របទិសគ្នា ពីភ្នំពេញ ទៅអ្នកលឿង បណ្ដាលឲ្យរងរបួសធ្ងន់០១នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទីចន្លោះគីឡូម៉ែត្រលេខ១៧_១៨ ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ ផន ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកផ្តៅ ឃុំព្រែអន្ទះ ស្រុកពោធិរៀង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CU1646។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តកុងតឺន័រមួយគ្រឿង មិនស្គាល់ស្លាកលេខ និងអត្តសញ្ញាណ អ្នកបើកបរមកឈប់ទិញសម្ភារៈហូប នៅមុខផ្សារកៀនស្វាយផ្លាហ្សា ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-1646 បើកបរដោយ ឈ្មោះ ផន ភក្តី បានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ តៃកុងរថយន្តកុងតឺន័រ បានបើកឡានគេចបាត់មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ភូមិធំ ហៅរថយន្តសាមុយដឹកទៅមន្ទីរពេទ្យភ្នំពេញ។
តាមការសន្និដ្ឋានក្នុងករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស ខ្ជីខ្ជា មិនមើលពីស្ថានភាពផ្លូវខាងមុខ។ ចំណែករថយន្តកុងតឺន័រ ឈប់មិនដាក់សញ្ញាសម្គាល់ ពេលឈប់បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ឲ្យមនុស្សស្លាប់ និងរងរបួសជាបន្តបន្ទាប់។
និយាយរួមចាប់តាំងពីកំពង់ផែស្វយ័តរាជធានីភ្នំពេញ លើកមកដាក់ទីតាំងថ្មីនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងអត់ឈប់ឈរ ទាំងនេះមកពីតៃកុងឡានកុងតឺន័រឈប់អែបតាមចិញ្ចឹមថ្នល់ខ្វះការគិតពីការគ្រោះថ្នាក់ដល់អ្នកដទៃ ដែលធ្វើដំណើរតាមផ្លូវជាតិនេះ។ មានន័យថា ការឈប់ចតក្រុមឡានកុងតឺន័រតាមបណ្តោយផ្លូវជាតិលេខ១កន្លែងងងឹត ហើយមិនបានដាក់សញ្ញាសម្គាល់ណាមួយឲ្យអ្នកបើកបរម៉ូតូឡានបានឃើញ និងមានការប្រុងប្រយ័ត្ននោះទេ នៅពេលកើតហេតុ គឺតៃកុងឡានទាំងនោះបានបើកឡានគេចចេញពីតំបន់កើតហេតុបាត់។
ក្នុងករណីនេះ ទាមទារឲ្យសមត្ថកិច្ចមូលដ្ឋានចេញប្រតិបត្តិការចុះអប់រំណែនាំដល់ក្រុមឡានកុងតឺន័រដែលឈប់ចតតាមចិញ្ចឹមថ្នល់ជាតិលេខ១ បានយល់ដឹងពីហានិភ័យដែលកើតឡើងដល់អ្នកដទៃដែលធ្វើដំណើរលើផ្លូវជាតិលេខ១នេះ បើពុំនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍ នឹងកើតឡើងគ្មានថ្ងៃស្រាកស្រាន្តឡើយ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខ១នេះក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តច្បាប់ចរាចរណ៍ជើងគោកទាំងអស់គ្នា ទើបកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍កម្រិតទាប ឬសូន្យបាន៕
Source: Kampuchea Thmey Daily
0 Comments