ក្មេងជំទង់អារ៉ាប៊ីសាអ៊ូឌីតម្នាក់ ដែលបង្កឲ្យមានការចាប់អារម្មណ៍ជាអន្តរជាតិដោយការផ្គើននឹងក្រុមគ្រួសាររបស់នាងហើយស្វែងរកការជ្រកកោននៅបរទេសនោះ កាលពីថ្ងៃអង្គារបានប្តេជ្ញាប្រយុទ្ធដើម្បីសេរីភាពរបស់ស្ត្រីនៅក្នុងការថ្លែងជាសាធារណៈលើកដំបូងរបស់នាងចាប់តាំងពីនាងត្រូវបាននាំយកទៅដោយប្រទេសកាណាដា។
នាង Rahaf Mohammed al-Qunun បានទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោកជាមួយនឹងការបង្ហោះ Twitter ចេញពីបន្ទប់សណ្ឋាគាររបស់នាងនៅព្រលានយន្តហោះក្រុងបាងកកដែលជាកន្លែងនាងបានបង្ខាំងខ្លួនឯងបន្ទាប់ពីអាជ្ញាធរថៃហាមនាងមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។
ការបង្ហោះរបស់នាងលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបញ្ឆេះឲ្យមានចលនា #SaveRahaf ខណៈ នាងបានរត់គេចពីអ្វីដែលនាងនិយាយថា ជាការរំលោភបំពានផ្លូវកាយនិងផ្លូវចិត្តពីក្រុមគ្រួសាររបស់នាងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតហើយជំរុញឲ្យមានសកម្មភាពយ៉ាងឆាប់រហ័ស។
នាងត្រូវបានគេផ្តល់ឲ្យនូវឋានៈជាជនភៀសខ្លួនហើយត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland បន្ទាប់ពីទៅដល់ទីក្រុងតូរ៉ុនតូកាលពីថ្ងៃសៅរ៍។
នាងបានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំនឹងធ្វើការដើម្បីគាំទ្រដល់សេរីភាពរបស់ស្ត្រីនៅជុំវិញពិភពលោកដែលជាសេរីភាពដូចគ្នាដែលខ្ញុំបានជួបប្រទះនៅថ្ងៃដំបូងដែលខ្ញុំបានមកដល់ប្រទេសកាណាដា”។
ឈរខាងមុខទង់ជាតិកាណាដាដ៏ធំមួយនៅឯការិយាល័យរបស់ទីភ្នាក់ងារជំរំជនភៀសខ្លួន Costi ប្រចាំទីក្រុងតូរ៉ុនតូ នាង Qunun បានថ្កោលទោសច្បាប់អាណាព្យាបាលបុរសដ៏តឹងរ៉ឹងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនិយាយថា “ខ្ញុំគឺជាមនុស្សសំណាងម្នាក់”។
នាងនិយាយថា “ខ្ញុំដឹងថាមានស្ត្រីគ្មានសំណាងដែលត្រូវបាត់ខ្លួនក្រោយពីរត់គេចហើយមិនអាចធ្វើអ្វីបានដើម្បីផ្លាស់ប្តូរការពិតរបស់ពួកគេ”។
ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួន នាងបាននិយាយថា “ខ្ញុំមិនត្រូវបានគោរពដោយក្រុមគ្រួសាររបស់ខ្ញុំទេហើយមិនត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីដែលខ្លួនឯងចង់ឡើយ”៕ AFP
Source: Kampuchea Thmey Daily
0 Comments