សៀមរាប ៖ លោកជំទាវ ង្វៀន ធីគីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គម និយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលសម្រេចបាននូវសមិទ្ធផល ដ៏ល្អប្រសើរលើគ្រប់វិស័យ។
លោកជំទាវ ប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់នេះ នៅក្នុងជំនួបសម្ដែងការគួរសម និងសវនាការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី១៥មករានេះ នៅខេត្តសៀមរាប ខណៈដែលលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញមកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
ក្នុងជំនួបនោះ លោកជំទាវ បានសម្ដែងនូវសេចក្ដីរីករាយ ដែលមានឱកាសបានជួបសវនាការជាមួយសម្ដេចប្រធានព្រឹទ្ធសភាជាថ្មីម្តងទៀត។
លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧នេះ បានយ៉ាងល្អ មានភាពរលូន និងទទួលបានជោគជ័យ។
លោកជំទាវប្រធានគណៈប្រតិភូ បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសទាំងពីរមានការទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អលើកគ្រប់វិស័យ រដ្ឋសភាវៀតណាម នឹងខិតខំសហការជាមួយនឹងព្រឹទ្ធសភា រដ្ឋសភាកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះកាន់តែជិតស្និទ្ធ និងល្អប្រសើរថែមទៀត។
ជាមួយគ្នានេះ លោកជំទាវថា នឹងជំរុញឲ្យអគ្គលេខាធិការរដ្ឋសភាវៀតណាមខិតខំបង្កើនទំនាក់ទំនងជាមួយនឹងអគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា ដើម្បីសហការគ្នាទៅវិញទៅមកឲ្យមាន ប្រសិទ្ធភាព ជាពិសេសរវាងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកជំទាវ បានវាយតម្លៃខ្ពស់ផងដែរចំពោះប្រទេសកម្ពុជា ដែលបានរៀបចំប្រារព្ធខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករាថ្មីៗមកនេះ។
លោក ជំទាវ ង្វៀន ធីគីមងិន សង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម នឹងខិតខំសហការគ្នាដើម្បីបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយៗ ដើម្បីឲ្យបន្តប្រពៃណីសហការ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិជាមួយគ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្នុងជំនួបសវនាការនោះ សម្លេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការស្វាគមន៍ដ៏កក់ក្តៅ សម្តេចប្រធានព្រឹទ្ធ សភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការគាំទ្រពីសំណាក់រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដល់សភាកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ វត្តមានរបស់លោកជំទាវ និងគណៈ ប្រតិភូវៀតណាមក្នុងឱកាសនេះ ជាការចូលរួមវិភាគទានដ៏មានសារៈសំខាន់ ក្នុងកិច្ច ប្រជុំប្រចាំឆ្នាំលើកទី២៧ ដែលរួមចំណែកដ៏ធំធេងដល់ការលើក កម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយវិបុលភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងបានគាំទ្រឲ្យដល់ដំណើរការ នៃកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ វត្តមាននេះ មិនត្រឹមតែជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់ប្រទេសកម្ពុជានោះទេ តែបានបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតកាន់តែរឹងមាំថែមទៀត។ ក្នុងនាមសភាកម្ពុជា សូមថ្លែងអំណរគុណដល់ប្រទេសវៀតណាមតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវប្រធានគណៈប្រតិភូ ក៏បានគោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងពង្រីកទំនាក់ ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភាប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments