នៅថ្ងៃពុធ នាយករដ្ឋមន្ត្រី Theresa May ត្រូវប្រឈមមុខនឹងការបោះឆ្នោតសម្តែងទំនុកចិត្តមួយបន្ទាប់ពីសមាជិកសភាជាច្រើនបានបដិសេធកិច្ចព្រមព្រៀងរបស់លោកស្រីដើម្បីចាកចេញពីសហភាពអឺរ៉ុបដែលជាហេតុបណ្តាលឲ្យចក្រភពអង់គ្លេសលែងមានផែនការហើយធ្វើឲ្យប៉ះពាល់ដល់ការចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ខែមីនា។
លោកស្រី May បានទទួលរងនូវបរាជ័យធំបំផុតរបស់រដ្ឋាភិបាលនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេសសម័យទំនើបកាលពីយប់ថ្ងៃអង្គារនៅពេលដែលសភាបានបដិសេធដោយសំឡេង៤៣២ទល់នឹង២០២ដើម្បីដកកិច្ចព្រមព្រៀងដែលលោកស្រីបានឈានដល់ជាមួយទីក្រុងប្រ៊ុសសែលកាលពីចុងឆ្នាំមុន។
សហភាពអឺរ៉ុបបានព្រមានភ្លាមៗថា ការបោះឆ្នោតនេះបានបង្កើនហានិភ័យនៃ “ការគ្មានដំណោះស្រាយ” យ៉ាងធ្ងន់ធ្ងរចំពោះ Brexit ហើយចក្រភពអង់គ្លេសអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។
ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker បានជំរុញរដ្ឋាភិបាលក្រុងឡុងដ៍ឲ្យបញ្ជាក់ពីចេតនារបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយព្រមានថា “ពេលវេលាជិតមកដល់ហើយ”។
ស្របពេលជាមួយគ្នានោះដែរ ប្រទេសអៀរឡង់ដែលជារដ្ឋជាសមាជិកសហភាពអឺរ៉ុបតែមួយគត់ដែលមានព្រំប្រទល់ដីគោកជាប់ចក្រភពអង់គ្លេសបាននិយាយថា ឥឡូវនេះខ្លួននឹងបង្កើនការត្រៀមលក្ខណៈសម្រាប់ “Brexit ដែលឥតរបៀបរៀបរយ”។
លោកស្រី May បានបង្ហាញពីការសម្របសម្រួលបន្ទាប់ពីការបោះឆ្នោតដោយសន្យាធ្វើកិច្ចចរចាជាមួយគណបក្សដើម្បីព្យាយាមនិងជួយសង្គ្រោះកិច្ចព្រមព្រៀង Brexit ដែលអាចប្រព្រឹត្តទៅបានមុនពេលវិលត្រឡប់ជាមួយផែនការថ្មីមួយនៅថ្ងៃចន្ទខាងមុខ។
លោកស្រីរំពឹងថានឹងឈ្នះការបោះឆ្នោតសម្តែងទំនុកចិត្តដែលគ្រោងនឹងធ្វើនៅយប់ថ្ងៃពុធ។
វាត្រូវបានបង្ហាញដោយមេដឹកនាំគណបក្សប្រឆាំងលោក Jeremy Corbyn ដែលចង់បង្ខំឲ្យមានការបោះឆ្នោតទូទៅមួយ។
ថ្វីបើសមាជិកសភាគណបក្សអភិរក្សរបស់លោកស្រីផ្ទាល់និងសម្ព័ន្ធមិត្តរបស់លោកស្រីនៅក្នុងគណបក្ស Democratic Unionist Party (DUP) របស់អៀរឡង់ខាងជើងបានដឹកនាំការចោទប្រកាន់ប្រឆាំងនឹងកិច្ចព្រមព្រៀង Brexit របស់លោកស្រីក៏ដោយប៉ុន្តែពួកគេមិនចង់បានរដ្ឋាភិបាលរបស់គណបក្សការងារដែលជាគណបក្សប្រឆាំងទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments