Ad Code

ផែនការ​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​អាមេរិក ​ត្រូវ​បរាជ័យ​ក្នុង​ព្រឹទ្ធសភា



ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​រារាំង​ផែនការ​ដើម្បី​បើក​ភ្នាក់ងារ​សហព័ន្ធ​ឡើងវិញ ​ដែល​នេះ​ជាការ​បរាជ័យ​ថ្មី​មួយ​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​រយៈ​ពេល​មួយ​ខែ ​ប៉ុន្តែ​លោក​ប្រធានាធិបតី Donald Trump បាន​បង្ហាញ​សញ្ញា​ថា លោក​អាច​គាំទ្រ​សំណើ​ “​សម​ហេតុផល​មួយ​” ដែល​រួមបញ្ចូល​ទាំង​បញ្ហា​សន្តិសុខ​ព្រំដែន​ផងដែរ​។

​ការជាប់គាំង​ខាង​នីតិប្បញ្ញត្តិ​បានធ្វើ​ឲ្យ​សភា​និង​លោក​ប្រធានាធិបតី​មាន​បញ្ហា​សម្រាប់​ដំណោះស្រាយ​មួយ​ខណៈ​កម្មករ​សហព័ន្ធ​រាប់ពាន់នាក់​ដែល​អ្នកខ្លះ​ពឹង​ផ្អែកលើ​ធនាគារ​ស្បៀងអាហារ​ដើម្បី​បំពេញការងារ​របស់​ពួកគេ​នោះ​ប្រហែលជា​នឹងត្រូវ​ខកខាន​ប្រាក់​ខែលើក​ទី​ពីរ​។​

ប៉ុន្តែ​មិនយូរប៉ុន្មាន​បន្ទាប់ពី​ការបោះឆ្នោត ផែនការ​នៃ​កិច្ចព្រមព្រៀង​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​បញ្ចប់​វិបត្តិ​កាន់តែ​ជ្រាលជ្រៅ​បានចាប់ផ្តើម​ចេញ​ជា​រូបរាង​នៅពេលដែល​បណ្តា​មេដឹកនាំ​ព្រឹទ្ធសភា​បាន​ប្រមូល​ផ្តុំគ្នា​ជា​លក្ខណៈ​ឯកជន​ដើម្បី​ពិភាក្សា​អំពី​សំណើ​មួយ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ភ្នាក់ងារ​សហព័ន្ធ​រយៈពេល​បី​សប្តាហ៍​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ចរចា​អំពី​សន្តិសុខ​ព្រំដែន​។​

នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​នឹង​គាំទ្រ​ផែនការ​ដែល​ត្រូវបាន​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​ដោយ​មេដឹកនាំ​សំឡេង​ភាគច្រើន​ព្រឹទ្ធសភា​លោក Mitch McConnell និង​ព្រឹទ្ធសមាជិក​ជាន់ខ្ពស់​គណ​បក្ស​ប្រជាធិបតេយ្យ​លោក Chuck Schumer ដែរ​ឬ​អត់​នោះ​, លោក Trump មិន​បង្ហាញ​ពី​ការសម្រេចចិត្ត​ទេ​ដោយ​និយាយថា គាត់​នៅតែ​ចង់បាន​ថវិកា​សម្រាប់​ជញ្ជាំង​របស់គាត់​។​

លោក​និយាយថា “​ប្រសិនបើ​ពួកគេ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដែល​សម​ហេតុផល​នោះ ខ្ញុំ​នឹង​គាំទ្រ​វា​”​។ ប៉ុន្តែ​លោក​បាន​បន្ថែមថា “​យើង​ត្រូវតែមាន​ជញ្ជាំង​មួយ​នៅក្នុង​ប្រទេស​នេះ​”​។​

ប៉ុន្តែ​អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​លោកស្រី Nancy Pelosi ដែលជា​ប្រធានសភា​បាន​និយាយថា កិច្ចព្រមព្រៀង​ដែល​រាប់បញ្ចូល​ទាំង​ការបន្ថយ​មូលនិធិ​សម្រាប់​ជញ្ជាំង​របស់លោក Trump ផងដែរ​នោះ​គឺ​នឹង​មិនមែនជា​ការចាប់ផ្តើម​ទេ​។​

លោក Trump បាន​គាំទ្រ​វិធានការ​របស់​ព្រឹទ្ធសភា​ដែល​នឹង​បើក​រដ្ឋាភិបាល​ឡើងវិញ​ហើយ​ផ្តល់​មូលនិធិ​ដល់​ជញ្ជាំង​របស់គាត់​ប៉ុន្តែ​បាន​ជំទាស់​នឹង​សំណើ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​នឹង​បើក​រដ្ឋាភិបាល​ឡើងវិញ​ត្រឹម​ថ្ងៃទី​៨​ខែកុម្ភៈ​ដោយ​មិនចាំបាច់​ផ្តល់​មូលនិធិ​ដល់​ជញ្ជាំង​របស់លោក Trump ទេ​ហើយ​ទុក​កន្លែង​សម្រាប់​ការចរចា​អំពី​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​។​

ទោះបីជា​យ៉ាងណាក៏ដោយ សំណើ​ទាំងពីរ​នេះ​មិន​បានទទួល​សំឡេងឆ្នោត​៦០​សំឡេង​ដែល​ត្រូវការ​ដើម្បី​អនុម័ត​នៅក្នុង​សភា​ដែលមាន​សមាជិក​១០០​នាក់​ទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu