Ad Code

លោក ថោង ខុន ចូលរួម​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​ការវិនិយោគ​គម្រោង​ទេសចរណ៍​ធំៗ នៅ​កម្ពុជា​



​ភ្នំពេញ ៖ លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចូលរួម​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី (AFF-ASIAN Financial Forum) តាម​ការអញ្ជើញ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង (HKDTC-Hong Kong Trade Development Council) ដែល​រៀបចំឡើង​ដោយ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង (Hong Kong SAR of the PRC) កាលពី​ថ្ងៃទី​១៤-១៥ ខែមករា ឆ្នាំ​២០១៩ ដែលមាន​អ្នកចូលរួម​ប្រមាណ​៣.០០០​នាក់ មកពី​ជាង​៤០​ប្រទេស ដោយបាន​ពិភាក្សាគ្នា​ក្រោម​ធាន​បទ ”​បង្កើត​អនាគត​ប្រកបដោយ​និរន្តរភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន (Creating sustainable and inclusive future)” ដែល​បាន​ផ្តោត​សំខាន់​លើ​ការរក្សា​តុល្យភាព​សេដ្ឋកិច្ច​សកលលោក ក្នុង​កាលៈទេសៈ​ដែលមាន​ភាព​តានតឹង​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន អាមេរិក បញ្ហា​ការចាកចេញ​ពី​សហគមន៍​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស (Brexit) និង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​អឺរ៉ុប ..។​ល​។​

ប្រភពពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ដោយឡែក នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី បាន​ចូលរួម​ជា​អធិបតី​ជាមួយ​លោក Raymond YIP អនុប្រធាន​ប្រតិបត្តិ HKTDC និង​លោក ឧកញ៉ា Yum Sui Sang ប្រធាន​សមាគម​ធុរកិច្ច​ហុងកុង ​នៃ​កម្ពុជា (HK BAC - Hong Kong Business Association of Cambodia) ក្នុង​វេទិកា​ស្ដីពី​ឱកាស​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង (Hong Kong Trade Development Council) និង​សមាគម​ធុរកិច្ច​ហុងកុង​សម្រាប់​កម្ពុជា (Hong Kong Business Association of Cambodia) ដោយបាន​គូសបញ្ជាក់ថា​កម្ពុ​ជាមាន​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​បាន​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន ​មក​កម្ពុជា ​នឹង​កើន​ឡើង​ដល់​ប្រមាណ​៣​លាន​នាក់​។​

នាឱកាស​នោះ លោក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ដល់​វិនិយោគិន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​បរទេស​ទាំង​អស់ ក៏ដូចជា​វិនិយោគិន​ចិន និង​ហុងកុង ឲ្យ​មក​បណ្តាក់​ទុនវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត ពិសេស​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដោយ​ឈរលើ​គោល​ការណ៍​ស្អាត បៃតង ការ​ច្នៃប្រឌិត និង​នវានុវត្តន៍​ក្នុង​យុគសម័យ​ឌីជីថល​ណូ​ប​នីយកម្ម​។​

តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដៃគូ​វិនិយោគ​ក្នុង​ក្រុង​ហុងកុង បានបង្ហាញ​នូវ​ការគាំទ្រ និង​ជឿជាក់​លើ​ការវិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជាពិសេស​វិស័យ​ទេសចរណ៍ ដោយ​ពួកគាត់​បាន​សំដែង​នូវ​ឆន្ទៈ​ពិត​ចេញពី​បេះដូង​លើ​ស្ថានភាព​រីកចម្រើន​របស់​កម្ពុជា សុខសន្តិភាព ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បាន​សន្យា​ជួយ​សិក្សា​លទ្ធភាព​រៀបចំ​គម្រោង​វិនិយោគ​ពាក់ព័ន្ធ ពិសេស​លើ​គម្រោង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ថ្មីៗ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ទេសចរណ៍​ឆ្លាត​វៃ (Smart City, Smart Tourism)​។​

គួរកត់សម្គាល់​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ ១,៩ លាន​នាក់ ក្នុង​កំណើន​ប្រមាណ​៧០% ក្នុងចំណោម​ទេសចរ​អន្តរជាតិ​សរុប​ប្រមាណ​៦,២​លាន​នាក់ ដែល​បានមក​ទស្សនា​កម្ពុជា​។ តាម​ការ​ព្យាករណ៍ កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ៣​លាន​នាក់ នៅ​ឆ្នាំ​២០២០ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ជាង​៧​លាន​នាក់​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu