ប្រេសិតពិសេសថ្មីរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី បានចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ទីក្រុងដាម៉ាសកាលពីថ្ងៃអង្គារ ស្របពេលប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុងការបន្តកិច្ចចរចារសន្តិភាពឡើងវិញហើយត្រូវធ្វើឲ្យបានជោគជ័យបន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកចំនួនបីនាក់បានបរាជ័យ។
ដំណើរទស្សនកិច្ចរបស់លោក Geir Pedersen បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ្នកសម្របសម្រួលបរទេសកំពូលៗនៃជម្លោះមួយដែលបានសម្លាប់មនុស្សជាង៣៥០,០០០នាក់និងបំលាស់ទីលំនៅមនុស្សរាប់លាននាក់រួចទៅហើយ។
ប្រទេសទួរគីនិងសហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យមានការបង្កើតតំបន់សន្តិសុខមួយនៅភាគឦសានប្រទេសស៊ីរីដែលនេះជារឿងមួយត្រូវបានកងជីវពលឃឺដដែលកំពុងត្រួតត្រាតំបន់នោះមើលឃើញថាជាការកាន់កាប់យោធា។
លោក Pedersen ដែលបានជំនួសលោក Staffan de Mistura គឺជាអ្នកចរចាទី៤ហើយដែលត្រូវបានតែងតាំងជាប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរីចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ២០១១។
អ្នកការទូតសញ្ជាតិន័រវេសវ័យ៦៣ឆ្នាំរូបនេះបានរៀបចំកិច្ចចរចាជាមួយមន្ត្រីជាន់ខ្ពស់ស៊ីរីរួមទាំងជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសលោក Walid Muallem ផងដែរ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសបាននិយាយថា លោក Muallem បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសស៊ីរីក្នុងការសហការជាមួយគាត់ក្នុងបេសកកម្មរបស់គាត់ដើម្បីសម្របសម្រួលកិច្ចចរចាស៊ីរីជាមួយគោលបំណងឈានដល់ដំណោះស្រាយនយោបាយមួយចំពោះវិបត្តិស៊ីរី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឆាំងលោកប្រធានាធិបតី Bashar al-Assad បាននិយាយថា ការផ្លាស់ប្តូរបេសកជន UN នេះនឹងមានឥទ្ធិពលតិចតួចណាស់លើជោគវាសនារបស់ប្រទេសខណៈដែលឆន្ទៈនិងការយល់ស្របគ្នាជាអន្តរជាតិនៅតែខ្វះខាត។
លោក Pedersen មិនទាន់បាននិយាយជាសាធារណៈអំពីបេសកកម្មរបស់គាត់នៅឡើយទេហើយគេនៅមិនទាន់ច្បាស់ថាតើវិធីសាស្ត្ររបស់គាត់នឹងទៅជាយ៉ាងណានោះទេ។
គួរបញ្ជាក់ថា លោក De Mistura បានប្រកាសលាលែងពីតំណែងកាលពីខែតុលាដោយសារតែ “ហេតុផលផ្ទាល់ខ្លួន”៕ AFP
Source: Kampuchea Thmey Daily
0 Comments