Ad Code

សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ប្រឈម​នឹង​ការដួលរលំ ​បន្ទាប់ពី​កិច្ចចរចា​រវាង​អាមេរិក​និង​រុស្ស៊ី​បរាជ័យ​



ការរស់រានមានជីវិត​នៃ​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ដ៏​សំខាន់​មួយ​បាន​ស្ថិតនៅក្នុង​ភាពមន្ទិលសង្ស័យ​កាន់តែខ្លាំង​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី​បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ធ្លាក់​ទៅ​គែម​នៃ​ការដួលរលំ​។​

អ្នកការទូត​ជាន់ខ្ពស់​មកពី​ប្រទេស​ទាំង​ពីរបាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ចំពេល​មានការ​ព្រួយបារម្ភ​ជាទូទៅ​លើ​ជោគវាសនា​នៃ​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​កម្រិត​មធ្យម​ទ្វេរ​ភាគី (INF) ដែល​បានបញ្ចប់​ការប្រកួតប្រជែង​អាវុធ​ខ្នាតតូច​ដោយ​ជោគជ័យ​បន្ទាប់ពី​វា​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៨៧​។​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ខែតុលា​ថា ប្រទេស​របស់លោក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​លុះត្រាតែ​រុស្ស៊ី​ឈប់​រំលោភបំពាន​។​

ចំណែក​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​គំរាម​ផលិត​មី​ស៊ី​ល​នុយក្លេអ៊ែរ​ដែល​ត្រូវបាន​ហាមឃាត់​ក្រោម​សន្ធិសញ្ញា​នេះ​ប្រសិនបើ​វា​ត្រូវបាន​គេបោះបង់​ចោល​ពិតមែន​។​

អនុរដ្ឋលេខាធិការ​អា​មេ​រិ​ក​ទទួលបន្ទុក​ផ្នែក​ត្រួតពិនិត្យ​អាវុធ​និង​សន្តិសុខ​អន្តរជាតិ​លោកស្រី Andrea Thompson បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កិច្ចប្រជុំ​នេះ​មានការ​ខកចិត្ត​ពីព្រោះ​វា​បង្ហាញ​យ៉ាងច្បាស់​ថា ប្រទេស​រុស្ស៊ី​នៅតែ​បន្ត​រំលោភបំពាន​លើ​សន្ធិសញ្ញា​នេះហើយ​ពួកគេ​មិនបាន​ត្រៀមខ្លួន​ដើម្បី​ពន្យល់​ពី​របៀប​ដែល​ខ្លួន​មាន​ផែន​ការវិល​ត្រលប់​ទៅរក​ការអនុលោម​ឲ្យ​បាន​ពេញលេញ​និង​ផ្ទៀងផ្ទាត់​បានទេ​”​។​

លោកស្រី​បន្តថា “​សារ​របស់​យើង​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រទេស​រុស្ស៊ី​ត្រូវតែ​បំផ្លាញ​ប្រព័ន្ធ​មី​ស៊ី​ល​របស់ខ្លួន​ដែល​មិន​ទទួលបាន​ការយល់ព្រម​”​។​
​លោកស្រី Thompson បាន​ទៅដល់​ទីក្រុង​ប្រ៊ុ​ស​សែ​ល​នៅ​ថ្ងៃ​ពុធ​ដែល​នៅ​ទីនោះ លោកស្រី​គ្រោង​នឹង​ប្រាប់​ដល់​ក្រុម​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​អំពី​កិច្ចចរចា INF នេះ​។​

ប្រទេស​រុស្ស៊ី​បានរៀបចំ​ការចរចា​នៅ​បេសកកម្ម​របស់ខ្លួន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ហើយ​គណៈប្រតិភូ​រប​ស់​ទីក្រុង​មូ​ស្គូ​ត្រូវបាន​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Sergei Ryabkov ។​

លោក Ryabkov បាន​និយាយថា ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​លុបចោល​មែន​នោះ ការទទួលខុសត្រូវ​ចំ​ពោះ​រឿងនេះ​គឺ​អាស្រ័យ​លើ​ភាគី​អាមេរិក​ទាំងស្រុង​។​

គួរបញ្ជាក់​ជាថ្មី​ថា INF គឺជា​សន្ធិសញ្ញា​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​និង​អតីត​សហភាពសូវៀត​ដូច្នេះ​វា​មិន​ដាក់​កម្រិត​ទៅលើ​តួអង្គ​យោធា​សំខាន់ៗ​ដទៃទៀត​ដូចជា​ប្រទេស​ចិន​នោះទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu