ភ្នំពេញ ៖ នៅក្នុងដំណើរ ទស្សនកិច្ច ទៅកាន់សាធារណរដ្ឋហ្វីលីពីន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងមន្ត្រីជំនាញផ្នែកដំណាំស្រូវ នឹង ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិ ស្ដីពីគ្រាប់ពូជរបស់កម្ពុជា ជាមួយ វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)។
ក្រសួងបានឲ្យដឹងថា តបតាមការអញ្ជើញរបស់បណ្ឌិត Matthew Morell នាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញផ្នែកដំណាំស្រូវអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃនៅសាធារណរដ្ឋហ្វីលីពីន។
យោងតាមកម្មវិធីដែលបានគ្រោងទុក លោករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមជាមួយភាគីក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ស្របតាមអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានធ្វើនាឆ្នាំ២០១៥កន្លងមក។
ទន្ទឹមនឹងនេះ ក៏មានការជួបពិភាក្សាការងារជាមួយនាយកវិទ្យាស្ថាន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រពី IRRI ដើម្បីរួមគ្នាវាយតម្លៃវឌ្ឍនភាព នៃគម្រោង IRRI និងគម្រោងពាក់ព័ន្ធដែលបាននិងកំពុងអនុវត្តន៍នៅកម្ពុជា ព្រមទាំងធ្វើការផ្លាស់ប្ដូរបទពិសោធន៍អំពីយន្តការ នៃផលិតកម្មពូជ ការបង្កាត់ពូជ ទីផ្សារ តម្លៃបន្ថែមលើផលិតកម្មស្រូវ និងការបំពេញ នៃខ្សែសង្វាក់ផលិតកម្មកសិកម្មតាមអភិក្រម នៃការធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ផលិតកម្មដំណាំស្រូវឈានទៅរកភាពជោគជ័យ និងកាលានុវត្តភាព។
មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី និងលោកនាយកវិទ្យាស្ថាន IRRI នឹងចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិ ស្ដីពីគ្រាប់ពូជរបស់កម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments