Ad Code

សកម្មភាព​សហភាពសហព័ន្ធ​យុវជន​កម្ពុជា ​ចូលរួម​លើ​គ្រប់​សកម្មភាព​ថ្នាក់​ខេត្ត​ដល់​ថ្នាក់មូលដ្ឋាន​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ​ចំណាយ​ថវិកា​អស់​៤៣៩.៧៤៩​ដុល្លារ



បន្ទាយមានជ័យ ៖ លោក​ហ៊ុន​ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទូទាំង​ប្រ​ទេស​បាន​មាន​ប្រសា​ស​ន៍​ថា​ ការបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះ​ឡើង​ គឺ​ដើម្បី​ជួយ​ដល់​សង្គម​ដូចជា​ចុះ​ជួយ​បងប្អូន​ដែល​ជួប​ការ​លំបាក នៅ​តាម​មូលដ្ឋាន ការងារ​សង្គម ការងារ​មនុស្សធម៌ បរិស្ថាន វប្បធម៌ សាសនា អប់រំ​កីឡា​ជាដើម​ថ្លែង​ក្នុង​ពិធី​ជួប​សមាជិក​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ​នៅ​សាល​ប្រជុំ​ធំ​សាលា​ខេត្តបន្ទាយមានជ័យ​ ដែល​មាន​អ្នកចូលរួម លោក​សួន​ បវរ​ អភិបាលខេត្ត​បន្ទាយមានជ័យ អភិបាលរង​ខេត្ត លោក​ប៉ោ​វណ្ណាត ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ អង្គភាព​អាវុធហត្ថ នគរបាល សិស្ស និស្សិត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​១.០០៨​នាក់​ បាន​ចូលរួម​។



ក្នុង​នោះ ​លោក​ សួន​ បវរ​ បាន​មាន​ប្រសា​ស​ន៍​ថា​ នៅ​ឆ្នាំ​២០១៨​កន្លងមក​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ បាន​ចូលរួម​គ្រប់​វិស័យ រាល់​សកម្មភាព​ដូចជា ការខិតខំ​ប្រឹង ប្រែង​ចុះសួរសុខទុក្ខ​ជាប្រចាំ ដោយមាន​ការចូលរួម​ជាប្រចាំ​ពី​បងប្អូន ថ្នាក់​ខេត្ត ដល់​ថ្នាក់​មូលដ្ឋាន​និង​បាន​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ជួប​ការ​លំបាក​។



លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ពី​ខ្លាច​ការនឿយហត់​ទាំង​កម្លាំងកាយ​និង​កម្លាំង​ចិត្ត ធនធាន​ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ដល់​ពុក ម៉ែ និង​បាន​ចូលរួម​លើ​កិច្ចការ​ជាច្រើន​ទៀត​ដែល​ពុំ​អាច​រៀបរាប់​បាន​ដែល​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ចំណាយធនធាន និង​សម្ភារៈ និង​ថវិកា​សរុប​ប្រចាំឆ្នាំ​២០១៨​កន្លង​មក​រួមមាន​៤៣៩.៧៤៩​ដុល្លា ចំណាយ​លើ​ការងារ​វប្បធម៌ និង​សាសនា រួមមាន​១.៩០០​ដុល្លា ការងារ​អប់រំ​កីឡា​៤៧.៨៤៨​ដុល្លា ការងារ​សង្គមមនុស្ស​ធម៌ បរិច្ចាគ និង​ប្រវត្តិសាស្ត្រ​១៤០.៥៩៩​ដុល្លារ​។



ក្នុង​នោះ​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ក​កម្ពុជា បាន​ធ្វើ​ការ​កោតសរសើរ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ ក្នុង​១​ឆ្នាំ​ពេញ​បាន​បំពេញភារកិច្ច​ចូលរួម​គ្រប់​សកម្មភាព​សង្គម មនុស្សធម៌ សម្អាត​បរិស្ថាន វប្បធម៌ និង​សាសនា​ចាប់តាំងពី​ថ្នាក់​ខេត្ត​ដល់​ថ្នាក់មូលដ្ឋាន​លើ​គ្រប់​រូបភាព ក្នុង​នោះ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​អំពី​គ្រឿង​ញៀន ក្នុងភូមិ ឃុំ​ដើម្បី​ឲ្យ​មាន​សុ​វត្ថិភាព និង​គ្រោះថ្នាក់​ចរាចរ​ណ៍​ជាដើម​។



លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ការងារ​ស្ម័គ្រចិត្ត​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​មិន​តម្រូវ​ឲ្យ​មាន​អ្វីៗ​ទេ សុំ​មានតែ​ចិត្ត​តាម​រយៈ​ការងារ​ស្ម័គ្រចិត្ត​នេះឯង ដែល​ធ្វើ​ឲ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អាច​ស្គាល់​ពី​ខ្លួនឯង​កាន់តែច្បាស់ ស្គាល់​ពី​អ្នក​ដទៃ និង​ចេះ​ជួយ​គ្នា​អាច​នឹង​មាន​មោទនភាព​ចំពោះ​ជាតិ​ខ្លួន​យ៉ាងណា បើសិនជា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​មិនដែល​ធ្វើ​អ្វី​ល្អ​មួយ​សោះ​សម្រាប់​សង្គមជាតិ​នេះនោះ​ទៅ​ថ្ងៃមុខ​ប្រាកដ​មាន​វិប្បដិសារី​ជាមិនខាន​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu