ប្រដាល់ ៖ អ្នកប្រដាល់ជើងចាស់ ភុំ សារាយ សមាគមកីឡាក្រសួងការពារជាតិ ត្រូវអ្នករៀបចំកម្មវិធីប្រដាល់នៅប៉ុស្តិ៍បាយ័ន ផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ស្រករក្រោយ ចេង គា ក្លិបពន្លឺវិបុលមានរិទ្ធ នារសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ លើសង្វៀនបាយ័នស្ទឹងមានជ័យ។
ភុំ សារ៉ាយ និង ចេង គា ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។ ជាលើកដំបូងហើយ ដែល សារ៉ាយ ត្រូវគេផ្គូឲ្យជួប ចេង គា ដែលពីមុនមក ចេង គា ពុំមែនជាដៃគូរបស់ សារ៉ាយ នោះទេ។
ក្រោយពីគេបានបោះបង់ចោលសង្វៀនប៉ុន្មានឆ្នាំមកនេះ ភុំ សារ៉ាយ ត្រូវបានគេចាប់ផ្គូឲ្យប្រកួតឡើងវិញ។ មុននេះ ភុំ សារ៉ាយ បានផ្គូឲ្យជួបជាមួយថៃហ្វានិមិត្ត(១៣មករា២០១៩) ហើយត្រូវថៃវាយឲ្យសន្លប់ក្នុងទឹកទី១ លើសង្វៀនបាយ័នស្ទឹងមានជ័យនេះ។
សារ៉ាយ ជាជើងខ្លាំង និងមានបោះសំឡេងកន្លងមក។ ជាអ្នកប្រដាល់ជើងចាស់ ធ្លាប់ហែលឆ្លងកាត់ប្រកួតជាមួយថៃ និងជាតិសាសន៍ផ្សេងៗទៀតជាច្រើនរាប់មិនអស់។ ប៉ុន្តែពេលនេះ សារ៉ាយ ចាស់ហើយ បើគិតពីអាយុ គឺមានវ័យជាង៤០ឆ្នាំហើយ តែគេនៅតែចង់ឡើងប្រកួត។
ស្នៀតទាត់ផ្កាប់ចានរបស់ សារ៉ាយ គឺនៅតែប្រើការបានដដែល តែអ្វីដែលគួរបារម្ភនោះ គឺបញ្ហាកម្លាំងកាយសម្បទាមិនរឹងមាំដូចពីមុននោះឡើយ។ ដោយសារយ៉ាងនេះហើយ ទើបគេដាក់ ចេង គា ឲ្យប្រកួតជាមួយ។
សារ៉ាយ បើតាមស្ថិតិចាស់ គេមានប្រវត្តិប្រកួត១៨១លើក ក្នុងនោះវាយឈ្នះ១៥០លើក ចាញ់២៦លើក និងស្មើ០៥លើក។ ប៉ុន្តែសម្រាប់កំណត់ត្រាប្រកួតថ្មីរបស់គេដែលប្រកាស កាលពីថ្ងៃទី១៣មករា កន្លងទៅនេះ គឺត្រឹមតែ៨២លើក ឈ្នះ៥៧លើក ចាញ់២០លើកនិងស្មើ៥លើកប៉ុណ្ណោះ។
ទោះជាយ៉ាងណា សម្រាប់ការជួបអ្នកប្រដាល់រួមជាតិ ចេង គា លើកនេះ ភុំ សារ៉ាយ ពុំដឹងថាគេអាចយកឈ្នះ ឬក៏ចាញ់នោះទេ ព្រោះ ចេង គា នេះ គេក៏វាយខ្លាំងណាស់ដែរ។ ចេង គា ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់។
ចេង គា គេមានកំណត់ត្រាប្រកួតចំនួន៧២លើក ឈ្នះ៥៦លើក ចាញ់១២លើក និងស្មើ០៤លើក។ ចេង គា ជាអ្នកប្រដាល់ដែលមិនមានឈ្មោះល្បីនោះទេ តែគេជាអ្នកប្រដាល់ចាស់វស្សាម្នាក់ ដែលមានស្នៀតប្រដាល់ល្អ ពិសេសមានកណ្តាប់ដៃល្អ ហើយសំខាន់ជាងនេះទៀត គឺមានចិត្តប្រដាល់ធំ និង ស៊ូចំពោះការប្រកួត។ ចាំមើល រវាង ចេង គា និង ភុំ សារ៉ាយ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ?។
ចំណែក តក់ សោភ័ណ្ឌ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នៃក្លិបអេភូថងកីឡា ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងវ៉ែន ហុងជីវ៉ុង ក្លិបមកុដរាជសីហ៍ ដោយប្រកួតគ្នាក្នុងទម្ងន់៦៧គីឡូក្រាម។ រវាងពួកគេពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេពីមុនមក។
តក់ សោភ័ណ្ឌ គេខានប្រកួតយូរឆ្នាំហើយ។ ពីមុន សោភ័ណ្ឌ វាយខ្លាំង និងល្អខ្លាំងណាស់ តែបន្ទាប់មកគេក៏ចុះខ្សោយ ដោយសារតែមិនបានហ្វឹកហាត់ជាប់លាប់។ ចាំមើល ជួបប្រកួតជាមួយ វ៉ែន ហុងជីវ៉ុង លើកនេះ សោភ័ណ្ឌ អាចតស៊ូបានគ្រប់ទឹកឬអត់?។
ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក នឹងត្រូវជួបប្រកួតជាមួយ អេរ៉ាវ៉ាន់ ចាន់រាជ អ្នកប្រដាល់ក្លិបកុសលកីឡា ក្នុងទម្ងន់៥៤គីឡូក្រាម។ ពីរនាក់ធ្លាប់ជួបគ្នាម្តងហើយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ដោយ ម៉ន ភីរម្យ ឈ្នះដោយពិន្ទុ។ ចាំមើល អេរ៉ាវ៉ាន់ ចាន់រាជ គេអាចសងសឹកយកឈ្នះ ម៉ន ភីរម្យ បានវិញឬអត់?។
ចំណែក ឆា វាសនា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ត្រូវគេផ្គូឲ្យជួបប្រកួត ជាមួយ ម៉ិល សារុន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ក្នុងទម្ងន់៦០គីឡូក្រាម។ ហើយ បាង កានិត ក្លិបអាណាចក្រគុនខ្មែរ នឹងជួបជាមួយ ទៀង ឡៃហេង ក្លិបកុលបុត្រគុនខ្មែរ ក្នុងទម្ងន់៥១គីឡូក្រាមដែរ៕
Source: Kampuchea Thmey Daily
0 Comments