Ad Code

កម្ពុជា​ចិន​ ដាក់ចេញ​គោលដៅ​ថ្មី​ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ឲ្យ​ឈានដល់​១០​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣



​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ដែល​ជា​ថ្ងៃទី​៣ ​នៃ​ការ​ស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​ទីក្រុង​ប៉េកាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក ​ហ៊ូ​ឈុន​ហ៊័​រ (Hu Chun Hau) ឧបនាយករដ្ឋមន្ត្រី​ចិន​,​ លោកស្រី​ កាវ​យ៉ាន (Gao Yan) ប្រធាន​ក្រុមប្រឹក្សា​ជំរុញ​អន្តរជាតិ​ចិន​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​បើក​វេទិកា​ ស្ដីពី​ការ​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កម្ពុជា​-​ចិន​។​

ពិធី​ដ៏​មាន​អត្ថន័យ​នេះ​ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ លោកស្រី​ ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋា​ភិបាល​ចិន ​និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ផ្នែក​ឯកជន ​នៃ​ប្រទេស​ទាំងពីរ​ប្រមាណ​៧០០​នាក់​។​

លោក ​ប៉ាន ​សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍ថា កម្ពុជា​ចិន​ បាន​រៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​ចិន​ចំនួន​៩​លើក​រួចមក ​ក្នុងប្រទេស​ចិន​ ជាមួយគ្នានេះ ​លើ​ទំនាក់ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-ចិន ​បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ចំនួន​៤​ នៅ​ទីក្រុង​មួយចំនួន​ នៃ​ប្រទេស​ចិន​ រួមទាំង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ និង​អនុស្សរណៈ​ជាច្រើន​ ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​។​

លោក ហ៊ូ​ ឈុន​ហ៊័​រ​ ឧបនាយករដ្ឋមន្ត្រី​ចិន​មានប្រសាសន៍ថា ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ភាគី​ទាំងពីរ​ចិន​កម្ពុជា​ កំពុង​ឈានចូល​យុគសម័យ​ថ្មី​ នៃ​ការលើកកម្ពស់​គុណភាព​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដោយ​ទទួលបាន​នូវ​មហា​សមិទ្ធផល​ដ៏​ស្ដុកស្ដម្ភ​។

​ក្នុងនោះ​ ទី​១-​ពាណិជ្ជកម្ម​ទ្វេភាគី​ បាន​កើនឡើង​យ៉ាង​លឿន ​ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១២ ​មកដល់​បច្ចុប្បន្ន​ចិន​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១​របស់​កម្ពុជា​។​ ឆ្នាំ​២០១៨​ ទំហំ​ពាណិជ្ជកម្ម​ នៃ​ប្រទេស​ទាំងពីរ​ជាង​៥​ពាន់​លាន​ដុល្លារ​ចិន​ គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការទទួល​ការ​នាំចូល​អង្ករ​និង​ផ្លែឈើ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​ កិច្ចសហប្រតិបត្តិការ​ខាង​វិនិយោគ​ ក៏​ទទួលបាន​នូវ​ភាព​ហ្នឹង​ន​ ពោល​ គឺ​ចិន​ជា​ប្រទេស​ នៃ​លំហូរ​វិនិយោគ​ធំ​បំផុត​សម្រាប់​កម្ពុជា​ គិត​មកដល់​បច្ចុប្បន្ន​ភាគី​ចិន ​បាន​បណ្តាក់ទុន​វិនិយោគ​ប្រមាណ​៨​ពាន់​លាន​ដុល្លារ ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អគ្គិសនី​ធនធាន​រ៉ែ​វាយនភណ្ឌ​ទូរគមនាគមន៍​ និង​កសិកម្ម​ជាដើម​។

លោក​ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ​ក៏​ទទួល​បាន​នូវ​ភាព​ទាក់ទាញ​ពី​អ្នកវិនិយោគ​មកពី​១៣០​ប្រទេស​ លើ​ពិភពលោក​ និង​ផ្តល់នូវ​ទីផ្សារ​ការងារ​ជាង​២​ម៉ឺន​នាក់ ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍​ដែរ​ថា​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​មានការ​កើន​ឡើង​ខ្ពស់​ក្នុងប្រទេស​កម្ពុជា​។​

ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​វេទិកា ​ស្តីពី​ការជំរុញ​ និង​វិនិយោគ​កម្ពុជា​-​ចិន​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ​ក្នុងនាម​រាជរដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា ​សម្តេច​សូម​ចូលរួម​អបអរ​សាទរ​ចំពោះ​រដ្ឋាភិបាល​ចិន ​ក្នុងឱកាស​ខួប​លើក​ទី​៤០ ​នៃ​កំណែ​ទម្រង់ ​និង​ការ​បើក​ទូលាយ​របស់​ប្រទេស​ចិន​ ដែល​បានធ្វើ​ឲ្យ​ប្រទេស​ចិន​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​ លើ​គ្រប់​វិស័យ​និង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ​ក្នុង​សកលលោក​។​

ជាមួយគ្នានេះ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​គាំទ្រ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដាក់ចេញ​ និង​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់ លោក​ ស៊ី​ជីន​ពីង ​សំដៅ​បង្កើន​ភាព​ត​ភ្ជាប់​ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​ជា​ដៃគូ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បានធ្វើការ​គូស​បញ្ជាក់ដែរថា ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ ​ទាំង​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ ដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​កាន់តែ​ញឹកញាប់​របស់​ថ្នាក់ដឹកនាំ​ នៃ​ប្រទេស​ទាំងពីរ​កំណើន​ពាណិជ្ជកម្ម​វិនិយោគ​ទេសចរណ៍​ និង​កំណើន​ នៃ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​ និង​ប្រជាជន​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែង​ដែរ​ថា ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ ទំហំ​ពាណិជ្ជកម្ម​ នៃ​ប្រទេស​ទាំងពីរ​ សម្រេចបាន​ប្រមាណ​៦​ប៊ី​លាន​ដុល្លារ​ ហើយ​ផ្តើមចេញពី​លទ្ធផល​ផ្លែផ្កា​ ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧ ​ប្រទេស​ទាំងពីរ​បានដាក់​ចេញ​នូវ​គោលដៅ​ថ្មី​ទៀត​ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់​១០​ប៊ី​លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ​២០២៣​។​ បន្ថែម​ពីនេះ​ កម្ពុជា​ បាន​បន្ត​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ លើ​វិស័យ​នានា​ ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម​ដូចជា​ បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ក្នុង​ទីក្រុង​មួយចំនួន​ នៃ​ប្រទេស​ចិន​ ការចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ ដែល​បានផ្តល់​ឲ្យ​កម្ពុជា​នូវ​ប្រព្រឹត្ត​កម្ម​មិន​ជាប់​ពន្ធគយ​គ្រប់​ដណ្ដប់​លើ​៩៧% នៃ​បន្ទាត់​ពន្ធ​គយ​សរុប ​និង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​មួយចំនួន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។​

ទំហំ​វិនិយោគ​បាន​ស្ទុះ​ឡើង​រហូតដល់​ប្រមាណ​៦,៨​ប៊ី​លាន​ដុល្លារ ​កើន​ប្រមាណ​៧% ប្រៀប​នឹង​ឆ្នាំ​២០១៧​ ក្នុងនោះ ​ប្រទេស​ចិន ​បន្ត​ស្ថិតនៅ​ជា​ប្រទេស​នាំមុខ​ដែល​បាន​បណ្តាក់ទុន​វិនិយោគ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា ​ក្នុង​ឆ្នាំ​២០១៨​ ដែលមាន​ទំហំ​ទុនវិនិយោគ ​សរុប​ប្រមាណ​៣,៦​ប៊ី​លាន​ដុល្លារ ​ស្មើ​នឹង​៥៣% នៃ​ទំហំ​វិនិយោគ​សរុប​ ពោល​គឺ​កើនឡើង​ប្រមាណ​៥៤% ធៀប​នឹង​ឆ្នាំ​២០១៧​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ដែរថា ​បន្ទាប់​ពី​កម្ពុជា​សម្រេចបាន​នូវ​សុខសន្តិភាព​យ៉ាង​ពេញលេញ​ ព្រមទាំង​ការឯកភាព​ជាតិ ​និង​ឯកភាព​ទឹកដី​ទាំងស្រុង​ នៅ​ចុងឆ្នាំ​១៩៩៨​ តាមរយៈ​ការដាក់ចេញ​ និង​អនុវត្តន៍​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លងមក​នេះ​ កម្ពុជា​ត្រូវ​បាន​គេទទួលស្គាល់​ថា ​មានការ​ផ្លាស់ប្ដូរ​យ៉ាង​ប្រសើរ​ ទាំង​ទិដ្ឋភាព​នយោបាយ​សន្តិសុខ​សេដ្ឋកិច្ច​និង​សង្គម ​ជាមួយនឹង​អត្រា ​នៃ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​៧%​។​

កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​ បានធ្វើ​ឲ្យ​កម្ពុជា​ សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥​ និង​ស្ថិតនៅលើ​គន្លង ​នៃ​ការ​ឈានទៅ​សម្រេចបាន​នូវ​ឋានៈ ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ នៅ​ឆ្នាំ​២០៥០​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍​សង្កត់ធ្ងន់​ថា ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ខាងលើ​និង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ ដែលជា​របៀបវារៈ​គោលនយោបាយ​សង្គម​សេដ្ឋកិច្ច​ នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​ និង​កំពុង​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ​ដែលជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី​ សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ​ពី​ឧស្សាហកម្ម​អតិពលកម្ម​ ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ ត្រឹម​ឆ្នាំ​២០២៥​ដែល​គោលនយោបាយ​នេះ​ មាន​ភាព​ស៊ីសង្វាក់​គ្នា​ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​។​​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បានធ្វើការ​សង្កត់ធ្ងន់ថា ​ក្នុង​ស្មារតី​ នៃ​ការធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ផ្ទៃ​ក្នុង ​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ធានា​បាន​នូវ​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​ ក្នុង​ឋានៈ​ជា​ប្រទេស​អធិបតេយ្យ​ពេញលេញ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​និង​កំពុង​អនុវត្ត​នូវ​អភិក្រម​ចំនួន​៥​រួមមាន ​ឆ្លុះ​កញ្ចក់​ ងូត​ទឹក​ ដុសក្អែល ​ព្យាបាល ​និង​វះកាត់​ ក្រោម​បាវចនា​ចំនួន​២​ គឺ​ការ​កែ​ទម្រង់​ខាងក្នុង​ និង​ការ​បង្កើន​មិត្ត​ខាងក្រៅ ​ក្នុង​ស្មារតី​ឯករាជ្យ​។​

សម្តេច​បាន​បន្តថា ​សម្តេច​បានសម្រេច​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច​ផ្ទៃក្នុង​តាមរយៈ​ការ​ដាក់ចេញ​ និង​អនុវត្តន៍​នូវ​វិធានការ​ថ្មី​មួយ ​គឺ​ការរក្សា​ទុក​តែ​ភ្នាក់ងារ​គយ​ប៉ុណ្ណោះ​ ក្នុងការ​ត្រួត​ពិនិត្យ​ទំនិញ​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ ច្រកទ្វារព្រំដែន​អន្តរជាតិ ​ច្រកទ្វារព្រំដែន​ទ្វេភាគី​ ច្រកទ្វារ​តំបន់​ព្រំដែន​ និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ទីកន្លែង​សន្និធិ​គយ​បណ្ដោះអាសន្ន​និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​នាំចូល​ផ្សេងទៀត​។​

សម្តេច​បន្តថា​ ការសម្រេច​បែបនេះ​ គឺជា​ការអនុវត្ត​នូវ​អភិក្រម​វះកាត់​ដែលជា​ការកែ​ទម្រង់​ដ៏​ធំ​សម្បើម​មួយ​របស់​កម្ពុជា ​ដើម្បី​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ និង​ថ្លៃដើម​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​នូវ​បរិយាកាស​អំណោយផល​ស​ម្រា​ប់​ធុរកិច្ច​ និង​ការវិនិយោគ​ និង​ការ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

​ជាមួយនឹង​វិធានការ​ជាក់ស្ដែង​មួយចំនួន​ក្នុងការ​ធានា​ដល់​ការវិនិយោគ​របស់​បរ​ទេស​ក្នុង​ប្រទេស​កម្ពុជា​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​លើកឡើង​ពី​វិធានការ​មុត​ស្រួច​ និង​ជាក់ស្តែង​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ក្នុងនោះ​ ទី​១​-ភាព​អំណោយ​ផល​ នៃ​ស្ថិរភាព​នយោបាយ ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​,​ទី​២​-ការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា ​និង​អ្នកវិនិយោគ​បរទេស​នោះ​ទេ​,​ទី​៣​-កម្លាំង​ពលកម្ម​ ដែល​មាន​ភាព​សំបូរ​បែប​ និង​វ័យក្មេង ​ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​៣៥​ឆ្នាំ ​ចុះ​មាន​ចំនួន​ដល់​ទៅ​៧២% នៃ​ចំនួន​ប្រជាជន​សរុប​ គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង ,​ទី​៤​-កម្ពុជា​ ស្ថិតនៅលើ​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយ​ជា​រោងចក្រ​ នៃ​អាស៊ី​។ ​ទំនិញ​ផលិត​នៅ​កម្ពុជា ​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ​ទីផ្សារ​អនុតំបន់​មេគង្គ​ ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​ដទៃ​ទៀត​ក្នុង​ពិភពលោក ​និង​ទី​៥-កម្ពុជា​ចិន ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ជា​ច្រើន​ ដែល​ជួយ​ជំរុញ​ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំបូរ​បែប​ជូន​ដល់​ធុរជន​ និង​អ្នក​វិនិយោគិន​ចិន​ ទាំង​ការ​លើកទឹកចិត្ត​ និង​ការធានា​ការវិនិយោគ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu