សៀមរាប ៖ អណ្តូងទឹកស្អាតប្រភេទ(អណ្ដូងស្នប់អាហ្វ្រីដេស៍)ពីរកន្លែង ស្ថិតនៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដែលឧបត្ថម្ភដោយសប្បុរសជនចិន ឈ្មោះ CU QIAN និងក្រុមហ៊ុន DMS CONSULTANT) ត្រូវបានធ្វើពិធីប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋសហគមន៍ភូមិក្របៅ និងលោកគ្រូ ព្រមទាំងសិស្សានុសិស្សសាលាបឋមសិក្សា ក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់ លោកជំទាវបណ្ឌិត គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
តាមការបញ្ជាក់របស់ លោក ពៅ ប៊ុនធឿន ប្រធានអនុសាខា និងជាអភិបាល នៃគណៈអភិបាលស្រុកជីក្រែង បានឲ្យដឹងថា នៅតាមបណ្ដាភូមិមួយចំនួនកំពុងប្រឈមទៅនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ដែលកន្លងមក ប្រជាពលរដ្ឋទាំងនោះ បានប្រើប្រាស់ទឹកដែលគ្មានអនាម័យ ដូចជា អណ្តូងដៃតូចៗ ទឹកស្រះ និងទិញទឹកជាដើម។
តាមសេចក្ដីរាយការណ៍របស់ លោក ស៊ុំ សំអន នាយកសាខា កាកបាទក្រហមកម្ពុជាខេត្ត បានគូសបញ្ជាក់ថា នេះជាអណ្ដូងទឹកស្អាតទី៣៦ និង៣៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ហើយជាអណ្ដូងទឹកស្អាតអាហ្វ្រីដេស៍ទី១៣ និងទី១៤ ដែលបានផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋសហគមន៍ភូមិក្របៅ និង លោកគ្រូ ព្រមទាំងសិស្សានុសិស្សសាលាបឋមសិក្សា ក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ក្នុងបានប្រើប្រាស់ទាំងប្រាំង និងវស្សា ដោយគ្មានការព្រួយបារម្ភដូចមុនឡើយ។
លោកជំទាវបណ្ឌិត គួយ ណាលីន ឃឹម ប៊ុនសុង បានធ្វើការសំណេះសំណាល និង ប្រគល់អណ្តូងទឹក ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិក្របៅ និង សាលារៀនក្របៅ ឃុំសង្វើយ ដែលខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងនោះដែរ លោកជំទាវបណ្ឌិត ក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្ដមបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ អំពីសុខភាព និងអនាម័យ។
លោកស្រីបណ្ឌិត គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានលើកឡើងថា បញ្ហាសុខភាព គឺ ជាកត្តាចម្បងសម្រាប់មនុស្សយើងគ្រប់រូប ដូច្នេះបញ្ហាទឹកស្អាត ក៏ជាកត្តាដ៏ចាំបាច់ សម្រាប់មនុស្សជាតិយើងគ្រប់រូប ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបរិភោគ ប្រើប្រាស់ជាអចិន្ត្រៃយ៍ ទឹក គឺជាថាមពលចិញ្ចឹមសរីរាង្គកាយ មនុស្ស សត្វ និង រុក្ខជាតិ។
ម្យ៉ាងទៀតអណ្តូងទឹកនេះ ក៏ជាសមិទ្ធផលថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិក្របៅ ក៏ដូចសិស្ស សាលាបឋមសិក្សា ក្របៅ ឃុំសង្វើយ បានប្រើប្រាស់គ្រប់ៗគ្នា ដែលមិនបានចោទជាបញ្ហា ការកង្វះខាតទឹកប្រើប្រាស់ទៀតឡើយ ទាំងរដូវប្រាំង និងវស្សា។
លោកជំទាវបណ្ឌិត ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះសប្បុរសជនចិន ឈ្មោះ CU QIAN និងក្រុមហ៊ុន DMS CONSULTANT) ដែលបានផ្តល់អណ្តូងទឹកនេះ ដល់ប្រជាជនក្នុងឃុំសង្វើយ ស្រុកជីក្រែង ដែល ស.បញ្ជាក់ នូវទឹកចិត្តដ៏សប្បុរសធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើឲ្យប្រសើរឡើងលើវិស័យប្រើប្រាស់ទឹកស្អាត និង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ “ទឹកជាប្រភព នៃជីវិត”។
លោកស្រីបណ្ឌិត ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ក៏ដូចក្មួយៗសិស្សានុសិស្ស ដើម្បីជួយសម្រួលដល់ជីវភាព ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន និងការប្រើប្រាស់នៅក្នុងសាលារបស់សិស្ស ហើយយើងក៏មិនចាំបាច់បារម្ភពីការខ្វះខាតទឹកសម្រាប់ប្រាស់ដែរ ហើយត្រូវពិសាទឹកស្អាត ឬទឹកដាំពុះ។
លោកស្រីបណ្ឌិត ក៏មានចំណាក់អារម្មណ៍យ៉ាងខ្លាំង ចំពោះបញ្ហា សុខភាព អនាម័យសិស្សជានារី ដោយផ្ដាំផ្ញើ ណែនាំដល់ក្មួយៗឲ្យចិត្តទុកដាក់ចំពោះសុខភាព អនាម័យខ្លួនប្រាណឲ្យបានជាប្រចាំថ្ងៃ ក្នុងបង្កើននូវភាពលូតលាស់ បញ្ញាស្មារតីក្នុង ការសិក្សាទៀតផង។
លោកស្រីបណ្ឌិត ក៏បានបន្តថា រដូវនេះ ជារដូវប្រាំង សូមបងប្អូនទាំងអស់គ្នា ត្រូវចេះប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង និង សុខភាព អនាម័យ សំខាន់កុមារតូចៗ បើឃើញ ថា មិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
លោកស្រីបណ្ឌិតក៏បានផ្ដាំផ្ញើដល់សហគមន៍ សមាជិក គ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សា អណ្ដូងទឹកស្អាតទាំងពីរនេះ ដើម្បីបានប្រើប្រាស់យូរអង្វែងតរៀងទៅ សមនឹងពាក្យស្លោក “ការប្រើប្រាស់ទឹកស្អាត និងមានអនាម័យ នាំឲ្យគ្រួសារមានសុខភាពល្អ និង មាន សុភមង្គល” និង ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែងរបស់បងប្អូនទៅអនាគតផងដែរ។
ក្នុងនោះដែរ លោកស្រីបណ្ឌិត ក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីប្រគល់អណ្តូងទឹកទាំងពីរនេះ ក៏ដូចលោកគ្រូ ដោយម្នាក់ៗ ទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments