Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន ពាណិជ្ជករ​បរទេស​មា​ន​ការ​ជឿជាក់​មក​លើក​ម្ពុ​ជា



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៩​នេះ​បាន​បង្ហោះ​សារ​ជូន​ជន​រួម​ជាតិ​ដោយ​បាន​គូសបញ្ជាក់​ពី​តម្លៃ​នៃ​សុខសន្តិភាព ដែល​បាន​នាំ​ប្រទេសជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ដូច​សព្វ​ថ្ងៃនេះ។

ជាមួយ​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​បងប្អូន​ជនរួមជាតិ​និង​គណបក្សនយោបាយ​ទាំងអស់​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​ឲ្យ​កម្ពុជា​មានឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា ​ដោយសារតែ​ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជករ វិនិយោគិន និង​សហគមន៍​អន្តរជាតិ​មាន​ជំនឿ​ទុកចិត្ត​យ៉ាង​ខ្លាំង មក​លើ​ការដឹកនាំ​របស់​កម្ពុជា​។

ជាក់ស្តែង​កម្ពុជា​ក៏​ចាប់ផ្តើម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​និង​កិច្ចប្រជុំ​លំដាប់​អន្តរជាតិ​ជាច្រើន​បន្តបន្ទាប់ រួម​ទាំង​កិច្ចប្រជុំ​នៃ​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក​លើ ក​ទី​២៧(APPF-27) និង ការប្រកាស​បើក​ជា​ផ្លូវការ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) កាលពី​ប៉ុន្មាន​ថ្ងៃ​ទៅនេះ​នៅលើ​ទឹកដី​កម្ពុជា​ប្រកបដោយ​ជោគជ័យ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​ថា «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?​មួយ​រយៈកាល​កន្លង ទៅ​នេះ​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​បានឃើញ​កម្ពុ​ជាមាន​ការ​រីកចម្រើន​ខ្លាំង​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​ហើយ​ពួកគេ​បាន​កោតសរសើរ​អំពី​វឌ្ឍនភាព​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា​យើង។ ទន្ទឹម​នឹង​នោះ​ដែរ ​កម្ពុ​ជា​ក៏​ចាប់ផ្តើម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា និង កិច្ចប្រជុំ​លំដាប់​អន្តរជាតិ ជាច្រើន​បន្ត បន្ទាប់ រួម​ទាំង​កិច្ចប្រជុំ​នៃ​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២៧(APPF-27)​និង​ការប្រកាស​បើក​ជា​ផ្លូវការ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC)​កាលពី ប៉ុន្មាន​ថ្ងៃ​ទៅនេះ នៅលើ​ទឹកដី​កម្ពុជា។ អ្វី​ដែល​យើង​អាចធ្វើ​បាន គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ និង​សង្គម ជា មួយ​នឹង​លំនឹង​នៃ​កំណើនសេដ្ឋកិច្ច​របស់​ជាតិ។



ទាំងអស់​នេះ​ហើយ ​ដែល​បាន​ធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជករ វិនិយោគិន និង សហគមន៍​អន្តរជាតិ​មាន ជំនឿ​ទុកចិត្ត​យ៉ាង​ខ្លាំង​លើ​ការដឹកនាំ​របស់​កម្ពុជា​។ អរគុណ​បងប្អូន​ជនរួមជាតិ និង​គណបក្ស​នយោបាយ​ទាំងអស់ ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​កម្ពុជា​យើង​កាន់តែ​មានឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន។ ខ្ញុំ​និង​ភរិយា​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​»​។

រយៈពេល​២០​ឆ្នាំ ក្រោម​ដំបូល​នៃ​សុខសន្តិភាព​កន្លង​ផុត​មកនេះ គឺជា​ឱកាស​មាស​ដែល​ផ្តល់​ឲ្យ​កម្ពុជា​បាន​កសាង​ប្រទេស​របស់​ខ្លួន ធ្វើ​ឲ្យ​សេដ្ឋកិច្ច ជាតិ​មានការ​រីកចម្រើន ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាន​ឆ្លង​ផុត​ពី​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​។ ឆ្នាំ​១៩៩៨​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​នៅ​ពេល​នោះ​មាន​ប្រហែលជា​២០០​ដុល្លារ ​ឬ ​ក្រោម​២០០​ដុល្លារ​បន្ដិច ប៉ុន្ដែ​២០​ឆ្នាំក្រោយ​ប្រជាជនកម្ពុជា​ម្នាក់​មាន​ប្រាក់ចំណូល​រហូត​ទៅដល់ ១៦០៧ដុល្លារ​ក្នុង​ម្នាក់។ នេះ​ជា​ជោគជ័យ​ធំ​សម្បើម​របស់​ប្រជាជន​កម្ពុជា​ហើយ​រាជរដ្ឋាភិបាល​មាន មហិច្ឆតា​រុញ​ប្រទេស​ឲ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​និង​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០។

រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ចក្ខុ​វិស័យ​នេះ​ ដើម្បី​ធ្វើជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​នាំ​ប្រទេស​ឈានឡើង​។ តែ​ដើម្បី​សម្រេច​មហិច្ឆតា ដែល​នាំ​ប្រទេស​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ព​ស់គឺ​តម្រូវ​ឲ្យមាន​សន្ដិភាព​ដាច់ខាត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu