សហភាពអឺរ៉ុបបានសម្រេចយកពន្ធគយលើអង្ករនាំចូលពីប្រទេសកម្ពុជា និងប្រទេសភូមា នៅរយៈពេល ៣ ឆ្នាំជាប់គ្នាទៅតាមសំណើបណ្ដាសមាជិក ដែលជាប្រទេសផលិតអង្ករនៅក្នុងសហគមន៍មួយនេះ ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃនេះតទៅ។ ការយកពន្ធនាំចូលអង្ករពីកម្ពុជារបស់សហភាពអឺរ៉ុបបានបង្ហាញថា សហភាពអឺរ៉ុបកំពុងតែបំផ្លាញខ្លួនឯងដោយសារថា សហភាពអឺរ៉ុបធ្លាប់បានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម។ ក៏ប៉ុន្តែនៅពេលដែលកសិករកម្ពុជាកំពុងទទួលផលពីអ្វីដែលជាផ្លែផ្កានៃការជួយរបស់សហភាពអឺរ៉ុបនោះ សហភាពអឺរ៉ុបបែរជាមកសម្លាប់កសិករខ្មែរទៅវិញ តាមរយៈការយកពន្ធលើការនាំអង្ករពីកម្ពុជាទៅប្រទេសអឺរ៉ុប។ ដូច្នេះប្រសិនបើការអនុវត្តច្បាប់នេះមានភាពអយុត្តិធម៌នោះមានន័យថា សហភាពអឺរ៉ុបខ្លួនឯងគឺបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ។
សហភាពអឺរ៉ុបបានសម្រេចយកពន្ធគយលើអង្ករនាំចូលពីប្រទេសកម្ពុជា និងប្រទេសភូមានោះ ដោយឆ្នាំដំបូងយកពន្ធ១៧៥អឺរ៉ូ ឬ ប្រហែល២០០ដុល្លារ ក្នុងមួយតោន រួចបន្ថយមក១៥០ ប្រហែល១៧០ដុល្លារនិង១២៥អឺរ៉ូ ប្រហែល១៤២ដុល្លារនៅឆ្នាំបន្តបន្ទាប់។ ការសម្រេចនេះធ្វើឡើងតាមសំណើរបស់ប្រទេសអ៊ីតាលី និងបានគាំទ្រដោយសមាជិកអឺរ៉ុបអ្នកផលិតស្រូវ-អង្ករ ដូចជាអេស្ប៉ាញ ព័រទុយកាល់ បារាំង ក្រិច ហុងគ្រី ប៊ុលហ្គារី និងរូម៉ានី ដែលអះអាងថា ការនាំចូលអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានកើនឡើងហើយតម្លៃទាបជាងតម្លៃអង្ករក្នុងស្រុក ដែលថានេះបានបង្កការលំបាកនិងធ្វើឲ្យខូចខាតសេដ្ឋកិច្ចដល់កសិករអឺរ៉ុប។
កន្លងមកសហភាពអឺរ៉ុបបានធ្លាប់ជួយដល់ប្រទេសកម្ពុជាជាច្រើនលើកវិស័យកសិកម្មដូចជាគម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាពនិងបរិយាប័ន្ន អនុវិស័យជលផលនិងអនុវិស័យផលិតកម្មសត្វគឺជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបដែលមានទឹកប្រាក់សរុប ២៦លានអឺរ៉ូ ដើម្បីអនុវត្តន៍ពីឆ្នាំ ២០១៣ ដល់ ២០១៨ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចសង្គម ប្រកប ដោយចីរភាពតាមរយៈការអភិវឌ្ឍអនុវិស័យជលផលនិងអនុវិស័យផលិតកម្មសត្វ ដែលមានការគាំទ្រយ៉ាងពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍នានា ដោយឈរលើមូលដ្ឋានគោលការណ៍កម្មវិធីយុទ្ធសាស្ត្រ (Programme-Based Approach-PBA)។
នៅក្នុងឆ្នាំ ២០១៨ នេះទៀតសោតសហភាពអឺរ៉ុបគ្រោងនឹងផ្តល់ជំនួយឥតសំណងចំនួន ៨៧លានអឺរ៉ូដល់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មរយៈពេល ៧ ឆ្នាំបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក ចច អីដកា អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។
បើពិនិត្យទៅលើទិដ្ឋភាពជាក់ស្តែងរវាងការនាំចូលអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបនាពេលកន្លងមក គឺមិនបានប៉ះពាល់ទៅដល់ការផលិតអង្កររបស់កសិករនៅប្រទេសអេស្ប៉ាញ និង អ៊ីតាលី ទេ។ អ្នក ជំនាញវិស័យស្រូវអង្ករកម្ពុជាបានលើកឡើងថា អង្ករកម្ពុជានាំចូលទៅសហភាពអឺរ៉ុបនាពេលកន្លងទៅភាគច្រើនគឺជាប្រភេទអង្ករក្រអូប វាខុសពីអង្កររបស់កសិករនៅប្រទេស អ៊ីតាលី និង អេស្ប៉ាញ ផលិតដែលជាអង្ករពូជយីប៉ុននីការ។ ដូចនេះវាជាប្រទេសទំនិញពីរប្រភេទដែលខុសគ្នា ចុះហេតុអ្វីបានជាលើកហេតុផលថា អង្ករកម្ពុជាបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអង្កររបស់ប្រទេសអេស្ប៉ាញ និង អ៊ីតាលី? ដូចនេះវា មិនសមហេតុផលទាល់តែសោះ បើសហភាពអឺរ៉ុបយកបញ្ហានេះគ្រាន់តែប៉ះពាល់ប្រទេសចំនួន២បែរជាមកយកពន្ធការនាំអង្ករចូលទៅកាន់ប្រទេសចំនួន ២៨ ទៀតនោះ។
សហភាពអឺរ៉ុបគឺជាអ្នកជ្រោមជ្រែងលើវិស័យកសិកម្មកម្ពុជា ដូច្នេះប្រសិនបើការអនុវត្តច្បាប់នេះមានភាពអយុត្តិធម៌នោះមានន័យថា សហភាពអឺរ៉ុបខ្លួនឯងគឺបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ។ អ្នកខាតធំជាងគេ គឺប្រជាពលរដ្ឋអឺរ៉ុបដែលជាអ្នកទទួលទានអង្ករនិងគាំទ្រអង្ករកម្ពុជា។ គាត់នៅតែហូបគ្រាន់តែហូបតិចជាងមុន។ អង្ករលក់ក្នុងប្រទេសអឺរ៉ុប នឹងកើនតម្លៃចាប់ពីខែមេសា ឬឧសភាខាងមុខនេះ ដោយសារតែអង្ករកម្ពុជាអាចបង្វែរទិសទៅកាន់កន្លែងផ្សេងវិញ។
បើពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ ច្បាស់ណាស់ទៅហើយថា សហភាពអឺរ៉ុបបានអនុវត្តដោយបំពានដោយអយុត្តិធម៌មកលើកម្ពុជា មកលើកប្រជាកសិករកម្ពុជា និង ប្រជាជនកម្ពុជាប្រមាណ១៦ លាននាក់ ដែលកំពុងទទួលផលពីវិស័យកសិកម្ម និង កំពុងងើបដើរទៅមុខចេញពីភាពក្រីក្រ។
ជាងនេះទៀតវាក៏បានបង្ហាញផងដែរថា សហភាពអឺរ៉ុបកំពុងរំលោភសិទ្ធិមនុស្ស ព្រោះការសម្រេចយកពន្ធលើអង្ករកម្ពុជា ពិតជានឹងធ្វើឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍កសិករកម្ពុជារាប់លាននាក់ ដែលកំពុងរើបម្រាស់ពីភាពក្រីក្រ។ តើទង្វើនេះជាការគោរពសិទ្ធិមនុស្ស ឬ ជាការរំលោភសិទ្ធិមនុស្ស? ទង្វើរបស់គណៈកម្មាធិការសហភាពអឺរ៉ុបនេះ គឺជាការរើសអើងក្នុងការធ្វើពាណិជ្ជកម្ម។ តើនេះជាទង្វើត្រឹមត្រូវឬទេក្នុងនាមជាប្រទេសស៊ីវិល័យនោះ? តើសហភាពអឺរ៉ុបសមជាប្រទេសប្រជាធិបតេយ្យដែរទេ? តើសហភាពអឺរ៉ុបកំពុងបំផ្លាញខ្លួន ឯងមែនទេ?៕
Source: Kampuchea Thmey Daily
0 Comments