ក្រចេះ ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក ប៉ែន សុខុម មន្ត្រីក្រសួងព័ត៌មាន ផ្នែកទស្សនាវដ្តីកម្ពុជា និងអ្នកស្រី ជួន រ័ត្នមុន្នី តំណាងមជ្ឈមណ្ឌលរក្សាសម្ផស្ស វីនីស VENUS ) រួមជាមួយមិត្តភ័ក្តបាននាំយកថវិកា និងសំភារៈសិក្សា របស់ប្រើប្រាស់មួយចំនួន ដែលអំណោយពីសប្បុរសជននានា ដើម្បីយកទៅចែកជូនសិស្សសាលាចំនួនជាង៥០០ នាក់មកពីសាលា ចំនួន២កន្លែងស្ថិតនៅភូមិប្រហួត ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
កម្មវិធីនេះបានរៀបចំធ្វើឡើង ២សាលា ដែល ទី១- នៅសាលាបឋមសិក្សាប្រហួត មានសិស្ស ១៤៥នាក់ និងគ្រូ៥នាក់ ដោយសិស្សម្នាក់ៗទទួលបាន កាតាបស្ពាយ ១ សៀវភៅ ២ ក្បាល ប៊ិច ២ដើម ខ្មៅដៃ ២ បន្ទាត់១ ជ័រលុប ដែកឃួង ឯគ្រូម្នាក់ៗ ទទួលបាន មី ១កេះ ថវិកា និងប៊ិចសៀវភៅ មួយចំនួនផងដែរ។ ទី២-នៅសាលាបឋមសិក្សាដំរីផុង មានសិស្ស ៣៧០នាក់ និងគ្រូ១០នាក់ ដោយសិស្សម្នាក់ៗទទួលបានសៀវភៅ ២ ក្បាល ប៊ិច ២ដើម ខ្មៅដៃ២ បន្ទាត់១ ជ័រលុប ដែកឃួង ឯលោកគ្រូអ្នកគ្រូ ម្នាក់ៗទទួលបាន មី ១កេះ ថវិកា និងប៊ិច សៀវភៅ មួយចំនួនដែរ។
លោកគ្រូ អ្នកគ្រូទាំង២សាលាបានសម្តែងនូវអារម្មណ៍សប្បាយរីករាយនិងគាំទ្រដល់ សកម្មភាពសប្បុរសធម៌របស់សប្បុរសជន ដែលបានយកចិត្តទុកដាក់ចូលរួមសាមគ្គីគ្នា ទាំងថវិកា សម្ភារៈសិក្សា ដើម្បីនាំយកមកចែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងនេះជាសកម្មភាពសប្បុរសធម៌ ក្នុងការចែករំលែកដល់សិស្សនៅតាមជនបទឆ្ងាយៗពីទីប្រជុំជន។
នៅក្នុងឱកាសនោះ លោកនាយកសាលាដំរីផុង បានសំណូមពរមកក្រុមការងារ ដែលនៅទីនេះគាត់ចង់បាន បន្ទប់ទឹកអនាម័យ ១បន្ទប់បន្ថែមទៀត ងាយស្រួលសម្រួល ដល់សិស្សានុសិស្សនិង លោកគ្រូ អ្នកគ្រូ ប្រើប្រាស់៕
Source: Kampuchea Thmey Daily
0 Comments