ភ្នំពេញ ៖ លោក ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងនូវការសាទរចំពោះប្រធានមន្ទីរថ្មីខេត្តបាត់ដំបងចូលកាន់តំណែងដើម្បីបន្តភារកិច្ចបម្រើសង្គមជាតិពិសេសបម្រើរាល់ការលំបាកនិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាធំ។
ក្នុងពិធីប្រកាសតែងតាំងនោះលោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ជំនួសលោក អៀរ វ៉ាន់នី ដែលបានចូលនិវត្តន៍ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.៣៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុកពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ជូនដល់អង្គពិធីផងដែរ។ លោកក៏បានរំលឹកណែនាំប្រធានមន្ទីរថ្មី ត្រូវអនុវត្តការងារឲ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកកម្មការងារ ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបម្រើប្រជាជនដោយស្មោះត្រង់ ទទួលភារកិច្ច ដឹកនាំ គ្រប់គ្រង សម្របសម្រួល លើគ្រប់វិស័យ ស្របតាមបេសកកម្មចំបងរបស់ក្រសួង គឺតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាច ដើម្បីបម្រើប្រយោជន៍បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធ របស់ពលរដ្ឋ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបន្ថែមថា ជាពិសេសទៅទៀត ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់តែម្ដងជាកត្តាសំខាន់៕
Source: Kampuchea Thmey Daily
0 Comments