Ad Code

នគរបាល​ស្រុក​កោះធំ​ បង្ក្រាប​អ្នក​ជួញដូរ​គ្រឿងញៀន​ ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់​ថ្នាំញៀន​៧​កញ្ចប់​ធំ



​កណ្តាល ​៖ ​ក្នុង​រយៈ​ពេល​តែមួយ​នគរបាល​ស្រុក​កោះធំ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ខាន់ ចាន់ថា អធិការរង​ទទួល​ផែន​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន ធ្វើការ​បង្ក្រាប​អ្នកប្រើប្រាស់​គ្រឿង ​ឈាន​ដល់​បង្ក្រាប​អ្នក​ជួញដូរ​បានជា​បន្ត​បន្ទាប់​ចំនួន​៤​នាក់ រួម​នឹង​ថ្នាំញៀន​០៧​កញ្ចប់​ធំ និង​វត្ថុតាង​មួយចំនួនទៀត។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៨ ​ខែមករា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៨​និង​៥០​នាទី នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។

ជ​នស​ង្ស័យ​ចំនួន​០៤​នាក់ ទី​១​ឈ្មោះ ហៃ ប៉ុក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​មិន​ពិតប្រាកដ​) ទី​២​ឈ្មោះ ឆាន សុ​ផា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ក្រុងភ្នំពេញ មុខរបរ​បើករថយន្ត​ដឹកទំនិញ​ ទី​០៣​ឈ្មោះ ខន សំ​អូន ភេទ​ស្រី អាយុ២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ត្អួ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង មុខរបរ Karaoke និង​ទី​០៤​ឈ្មោះ​សាម សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ ភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ (​មិន​ពិតប្រាកដ​)។

នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ១៣ កើត ខែបុស្ស ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៥០​នាទី មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​ថា​ មាន​មុខ​សញ្ញា​ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិតនៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​រួច សមត្ថកិច្ច​យើង​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ហើយ​បាន​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ម្នាក់​ឈ្មោះ ហៃ ប៉ុក ដែល​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន។ ​យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ហៃ ប៉ុក បាន​ឆ្លើយ​សារភាព​ថា ​ថ្នាំញៀន​ដែល​គេ​បាន​ទិញ​យក​មក​ប្រើប្រាស់​នោះ​ គឺ​បាន​ទិញ​ពី​អ្នកលក់​ថ្នាំញៀន​ម្នាក់​ឈ្មោះ ឆាន សុ​ផា ភេទ​ប្រុស អាយុ​៣៤ឆ្នាំ ដែល​បាន​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ព្រែក ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

ក្រោយពេល​ចាប់​ឃាត់ខ្លួន​មេ​ក្លោង​ជួញដូរ​ថ្នាំញៀន​ឈ្មោះ​ឆាន សុ​ផា គឺ​គេ​បាន​ឆ្លើយ​សារភាព​ថា ​ថ្នាំញៀន​របស់​គេ​ដែល​បាន​យក​មក​លក់​នោះ​ គឺ​គេ​បាន​ឲ្យ​ឈ្មោះ​សាម សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជា​អ្នក​លាក់​ទុក​ដើម្បី​លក់​នឹង​ចែកចាយ​បន្ត​ឲ្យ​ទៅ​គេ​។

ក្រោយពេល​ទទួល​បាន​ចម្លើយ​សារភាព​រួច​សម​ត្ថ​កិច្ច​យើង​បាន​បន្ត​ចុះ​ចាប់​ឈ្មោះ សាម សីហា នឹង​បាន​ឆែកឆេរ​រក​ឃើញ​មាន​លាក់​ទុក​ថ្នាំញៀន​ចំនួន​០៧​កញ្ចប់​ធំ នឹង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​នឹង​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​០១​ដើម​ ដែល​បាន​លាក់​ទុក​នៅក្នុង​រោង​ដេក​យាម​ខាងមុខ​ផ្ទះ​រប​ស់​ឈ្មោះ​សាម សីហា។ ស្ថិតនៅ​ក្នុងភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

ក្រោយ​ពេញ​ចាប់​ឃាត់ខ្លួន​បាន មុខសញ្ញា​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ថ្នាំញៀន​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​នឹង​កសាង​សំណុំ​រឿង​ទៅតាម​នីតិវិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu