ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានជំរុញឲ្យនិស្សិតបង្កើនការស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតពិសេសបច្ចេកវិទ្យាថ្មីណាណូម៉ាធឺរៀលដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនិងពិភពលោក។
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី២ស្តីពីបច្ចេកវិទ្យាណាណូម៉ាធើរៀល កាលពីព្រឹកថ្ងៃទី១៨ ខែមករា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ លោកបណ្ឌិត ទួច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាការស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីណាណូម៉ាធឺរៀលនេះគឺផ្តោតសំខាន់ទៅលើការអនុវត្តវិស័យ ឧស្សាហកម្មដែលរួមមានផ្នែកវិស្វកម្ម អេឡេចត្រូនិច ឱសថសាស្ត្រា កសិកម្មនិងចំណីអាហារជាដើម។
លោកបានមានប្រសាសន៍បន្តថា ការស្រាវជ្រាវទៅលើបច្ចេកវិទ្យាណាណូម៉ាធឺរៀលនេះនឹងជួយធ្វើឲ្យនិស្សិតមានសមត្ថភាពពេញលេញក្នុងការចូលរួមដោះស្រាយបញ្ហាទឹកកខ្វក់ បរិស្ថាន ចំណីអាហារនិងបញ្ហាផ្សេងៗទៀត ដែលកំពុងកើតមាននៅក្នុងសង្គមបានទាន់ពេលវេលាទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។
លោកបានបន្ថែមថា ជាងនេះទៅទៀតក៏បានជួយលើកកម្ពស់ដល់វិស័យឧស្សាហកម្មនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនថែមទៀតផងដែរ សំដៅប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបទៅប្រទេសមានប្រាក់ចំណូលមធ្យកំរិតខ្ពស់នៅឆ្នាំ២០២៣០ខាងមុខ។
លោករដ្ឋលេខាធិការបានឲ្យដឹងថា «ការស្រាវជ្រាវនេះធ្វើឲ្យនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅតំរូវការក្រុមហ៊ុននឹងឧស្សាហកម្មទាំងក្នុងស្រុកនិងក្រៅស្រុក។ អីចឹងកាលណានិស្សិតស្រាវជ្រាវរកឃើញប្រធានបទដែលក្រុមហ៊ុនឧស្សាហកម្មកំពុងជួបប្រទះរកវិធីដោះស្រាយនៅពេលដោះស្រាយក្រុមហ៊ុនត្រូវការពួកគាត់ដើម្បីបម្រើការងារ»។
ជាមួយគ្នានេះដែរ លោកបានជំរុញឲ្យនិស្សិតខិតខំការងារស្រាវជ្រាវបច្ចេកទេសថ្មីនេះបន្ថែមទៀតហើយក្រសួងនឹងជួយគាំទ្រនិងលើកទឹកចិត្តលើការងារតាមរយៈការស្នើគម្រោងថវិកាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីផ្តល់ថវិកាលើការងារស្រាវជ្រាវនេះនៅតាមសាកលវិទ្យាល័យ។
លោកបណ្ឌិត ជ័យ ចាន់អឿន ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានប្រសាសន៍ថា ការស្រាវជ្រាវនេះនឹងផ្តល់ឱកាសដល់និស្សិតទទួលបាននូវចំណេះដឹងទាំងជំនាញទន់និងរឹង និង សមត្ថភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ ខណៈបច្ចុប្បន្នសាកលវិទ្យាល័យកំពុងស្រាវជ្រាលទៅលើការសំអាតបរិស្ថានពិសេសទឹកកខ្វក់ សំអាតទឹកស្អាតទាំងនៅក្រោមដីនិងលើដីនិងសំអាតខ្យល់។
ទន្ទឹមនឹងនេះ លោកបណ្ឌិតបានបន្តថា សាកលវិទ្យាល័យក៏ត្រូវការដៃគូជាច្រើនទៀតផងដែរទាំងហេដ្ឋារចនាសម្ព័ន្ធនិងថវិកាដើម្បីចូលរួមជួយគាំទ្រទៅលើការងារស្រាវជ្រាវនេះកាន់តែរីកចម្រើន ព្រោះថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាសាកលវិទ្យាល័យតែមួយគត់ដែលស្រាវជ្រាវទៅលើការងារទាំងនេះ។
លោកសាស្ត្រាចារ្យ ហួង វ៉េ សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យពហុបច្ចេកវិទ្យារបស់ប្រទេសចិនបានសន្យាថានឹងធ្វើការចែករំលែកបទពិសោធន៍ពីការប្រើប្រាស់ឧបករណ៍ស្រាវជ្រាវរវាងសាកលវិទ្យាល័យនៅប្រទេសចិននិងសាកលវិទ្យាល័យភូមិន្ទភ្នំពេញពិសេសផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងនិស្សិតជនខ្ពស់និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យទាំងពីរ។
លោកសាស្ត្រាចារ្យបានមានប្រសាសន៍ថា «បច្ចេកវិទ្យាណាណូនេះ មានប្រើច្រើននៅក្នុងវិស័យអេឡេចត្រូនិចនិងវិស័យផ្សេងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនិងឧស្សាហកម្ម។
អីចឹងសន្និសីទនេះ នឹងផ្តល់ជាវិជ្ជមានច្រើន ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញក្នុងការបង្កើនសមត្ថភាពចំណេះដឹងទៅលើការងារស្រាវជ្រាវក្នុងវិស័យនេះ»។
គួរបញ្ជាក់ថា ណាណូម៉ាធឺរៀលនេះ គឺជាសារធាតុមួយដែលមិនអាចមើលនឹងភ្នែកបានដោយគេអាចយកវាទៅប្រើប្រាស់សម្រាប់វិស័យផ្សេងៗជាច្រើនរួមមានការសំអាតទឹក ភ្លើងខ្យល់និងជារបស់វិភាគលើសារធាតុគីមីក្នុងចំណីអាហារ ឬ ថ្នាំពេទ្យឬការបង្កើតគ្រឿងសំអាងជាដើម៕
Source: Kampuchea Thmey Daily
0 Comments