ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីអំពើលួច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឲ្យដឹងថា កាលពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវសុកហុក សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន ០៣ ករណី។
១/-ករណី -អំពើលួច (ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៤ មិនចាំស្លាកលេខ ) ប្រព្រឹត្តនៅចំណុចផ្សារសំរោង ផ្លូវជាតិលេខ ៦៨ សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២០និង០០នាទី។ ២/-អំពើលួច (ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួ-លេខម៉ាស៊ីន៩៨៧១៥៤៥ ពាក់ស្លាកលេខ ភ្នំពេញ១HK-០៧៦២ ) ប្រព្រឹត្តនៅចំណុចក្បែរវត្តមិនស្គាល់ឈ្មោះ ស្ថិតនៅផ្លូវជាតិលេខ៦ ចេញពីទីរួមខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០១និង១០នាទី រំលងអធ្រាត្រ។ ៣/-អំពើប្រើប្រាស់ស្លាកលេខម៉ូតូក្លែង (ស្លាកលេខ ភ្នំពេញ១HK-០៧៦២ និងស្លាកលេខ កំពង់ចាម ១U ៩៥៧៨ ) ប្រព្រឹត្តនៅចំណុចផ្លូវសុកហុក សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង១១និង០០នាទី។
ជនសង្ស័យ ឈ្មោះ ថេត រ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ មិនពិតប្រាកដ វត្ថុតាងចាប់យក ១-ម៉ូតូ ហុងដាហ្ស៊ូម័រ ពណ៌សលាយខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម ១U-៩៥៧៨ ។ ២-ម៉ូតូ ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ ១HK-០៧៦២ ។ ៣-មួកសុវត្ថិភាព ពណ៌ ស ចំនួន ០១៕
Source: Kampuchea Thmey Daily
0 Comments