បន្ទាយមានជ័យ ៖ ល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាន៥នាក់ករណី ជួញដូរគ្រឿងញៀន នៅចំណុចស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ការឃាត់ខ្លួនបាននេះក្រោយទទួលបានព័ត៌មានអំពីករណីខាងលើលោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់រួមមាន១ឈ្មោះ នៅ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្តដឹកទំនិញ ស្នាក់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២ឈ្មោះ ផៃ សិដារុន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ឥវ៉ាន់តាមអនឡាញស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣ឈ្មោះ ឈុន វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៤ឈ្មោះ ផល សុភារ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៥ឈ្មោះ ព្រិម ជូស៊ីមិង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងជាប់នឹងខ្លួនរួមមាន គ្រឿងញៀនកេតាមីនទឹក ចំនួន ៣០ដប ស្មើ ៣០០ក្រាម គ្រឿងញៀនកេតាមីនម្សៅម៉ត់ចំនួន ១១កូនថង់កិប ស្មើ ៨.១ក្រាម គ្រឿងញៀនអ៊ិចខស្តាស៊ី ពណ៌ខៀវ រាងត្រីកោណ ចំនួន ៥០គ្រាប់ ស្មើ ២២.០៦ក្រាម គ្រឿងញៀនអ៊ិចស្តាស៊ីពណ៌ទឹកក្រូច ចំនួន ០៥គ្រាប់ ស្មើ ១.៧១ក្រាម សំបកដបកេតាមីន ចំនួន ៣ដប រថយន្ត ០២គ្រឿង ម៉ូតូ ០១គ្រឿង ទូរស័ព្ទដៃ៥គ្រឿង កាបូបលុយ ចំនួន ០១ កាតចេញ ចូលផ្សារថៃ ១សន្លឹក កូនថង់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។
ក្រោយពីឃាត់ហើយ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកបានឲ្យកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យទាំង ៥នាក់ខាងលើ បានសារភាពថា ពួកគេគ្រាន់តែជាអ្នកប្រើប្រាស់ទេ ចំណែកគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន ក្នុងបន្ទប់របស់ពួកគេ ជារបស់ជនជាតិថៃម្នាក់ឈ្មោះ ភីណង ប៉ុន្តែការឆ្លើយនេះជារឿងដោះសារយករួចខ្លួនតែប៉ុណ្ណោះ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ខាងលើអាចត្រូវចោទពីបទជួញដូរសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments