ភ្នំពេញ ៖ មន្ត្រីជំនាញបុរាណវត្ថុវិទ្យាពីរាជបណ្ឌិត្យសភាកម្ពុជាចំនួន៤រូប បានចូលរួមក្នុងគម្រោងកំណាយនៅស្ថានីយភូមិមូលជើងឯកនៅស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក តាមការស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដោយមានការចាត់តាំងពីលោកបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្ត្រីជំនាញនៅក្នុងផ្នែកបុរាណវត្ថុវិទ្យាមានលោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា លោក ជ័យ រតនា មន្ត្រីស្រាវជ្រាវ និង កញ្ញា តាកេត ស័កដា មកចូលរួមកំណាយស្រាវជ្រាវបុរាណវិទ្យា នៅស្ថានីយបុរាណវិទ្យាជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ទីតាំងកំណាយនេះ ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុងភ្នំពេញ។ គម្រោងកំណាយស្រាវជ្រាវនេះបាន អនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា នគរបាលការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងមន្ត្រីជំនាញផ្នែកបុរាណវិទ្យា ដែលមកពីមន្ទីរវប្បធម៌គ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា តំណាងអាជ្ញាធរដែនដី តំណាងក្រុមហ៊ុនជីបម៉ុង មន្ត្រីនគរបាលរដ្ឋបាលមូលដ្ឋាន អ្នកស្រាវជ្រាវអន្ដរជាតិមកពីសាកលវិទ្យាល័យហ្វ្លីនឌ័រ (Flinders University) នៃប្រទេសអូស្ត្រាលី និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបមានចំនួន ១០៨នាក់ ដែលនឹងចាប់ដំណើរការពីថ្ងៃទី១៧មករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments