ទីក្រុងរបស់ប្រទេសអូស្ត្រាលីគឺស្ថិតក្នុងចំណោមកន្លែងដែលក្តៅបំផុតនៅលើផែនដីនៅសប្ដាហ៍នេះខណៈរលកកម្តៅដ៏ខ្លាំងបំផុតមួយបានវាយប្រហារភាគអាគ្នេយ៍របស់ទ្វីបស្របពេលក្រុមអ្នកព្យាករណ៍បានព្រមានអំពីសីតុណ្ហភាពបំបែកឯតទគ្គកម្មបន្ថែមទៀតមុនចុងសប្ដាហ៍។
ការិយាល័យឧតុនិយមបាននិយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះគឺស្ថិតក្នុងចំណោមថ្ងៃក្តៅបំផុតទាំង១០ក្នុងកំណត់ត្រារបស់ប្រទេសដោយមានសីតុណ្ហភាពជិត៥០អង្សាសេនៅចំណុចមួយចំនួន។
អ្នកឧតុនិយមជាន់ខ្ពស់របស់ការិយាល័យនេះលោក Philip Perkins បានប្រាប់ AFP ថា “ខណៈប្រទេសអូស្ត្រាលីភាគខាងត្បូងបានបំបែកឯតទគ្គកម្មគ្រប់ពេលទាំងអស់កាលពីម្សិលមិញនោះ វាពិតជានឹងដាក់តំបន់នេះថាជាផ្នែកមួយនៃចំណុចក្តៅបំផុតនៅក្នុងពិភពលោក”។
សីតុណ្ហភាពខ្ពស់គឺមិនមែនជារឿងប្លែកទេនៅក្នុងប្រទេសអូស្ត្រាលីអំឡុងរដូវក្ដៅនៃតំបន់អឌ្ឍគោលភាគខាងត្បូងរបស់ខ្លួនដែលជាកន្លែងភ្លើងឆេះព្រៃបានកើតឡើងជាទូទៅ។
ប៉ុន្តែការប្រែប្រួលអាកាសធាតុបានជំរុញឲ្យសីតុណ្ហភាពលើដីគោកនិងនៅសមុទ្រកើនឡើងហើយបាននាំឲ្យមានថ្ងៃក្តៅខ្លាំងបំផុតកាន់តែច្រើននិងរដូវភ្លើងឆេះធ្ងន់ធ្ងរ។
ក្នុងចំណោមទីក្រុងនៅរដ្ឋអូស្ដ្រាលីភាគខាងត្បូងដែលជួបប្រទះសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រាកាលពីថ្ងៃអង្គារគឺទីក្រុង Tarcoola ដែលសីតុណ្ហភាពបានឈានដល់៤៩អង្សាសេ។
ចំណែកទីក្រុង Port Augusta មានសីតុណ្ហភាព៤៨.៩អង្សាសេដែលស្ទើរតែលើសមួយដឺក្រេលើកំណត់ត្រាមុនរបស់ខ្លួនកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០០៩។
ទីក្រុងវាលខ្សាច់ Coober Pedy ដែលជាកន្លែងពលរដ្ឋមួយចំនួនបានរស់នៅក្រោមដីដើម្បីគេចពីលក្ខខណ្ឌអាកាសធាតុដ៏កាចសាហាវនោះគឺមានសីតុណ្ហភាពស្មើកំណត់ត្រាចាស់ពោលគឺ៤៧.៧អង្សាសេ។
នៅក្នុងរដ្ឋធានី Adelaide សីតុណ្ហភាពអតិបរមាគឺ៤១.៩អង្សាសេ៕ AFP
Source: Kampuchea Thmey Daily
0 Comments