សៀមរាប ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកថ្លែងបែបនេះ នៅក្នុងពិធីសច្ចាប្រណិធានរបស់និស្សិតនាយទាហានសកម្មជំនាន់ទី១៩ នៅមុខប្រាសាទអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាមោទនភាពរបស់ខ្ញុំ និងរបស់គណៈកម្មការជ្រើសរើសនាយទាហានដែលកាលពី៤ឆ្នាំមុន ដាក់ពាក្យប្រឡងក្លាយជាកងទ័ព ប៉ុន្តែមកដល់ពេលនេះ ប្អូនៗបានក្លាយជានាយទាហានម្នាក់ ដែលមានសមត្ថភាព ទាំងជំនាញយុទ្ធវិធី និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ ហើយក៏បានក្លាយខ្លួនជាយុវជនម្នាក់ទៅជានាយទាហានម្នាក់ ត្រៀមខ្លួនដឹកនាំនៅក្នុងកងទ័ពនាពេលខាងមុខ។
ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរប្អូនៗដែលបានសម្រេចលទ្ធផលនៅក្នុងររយៈពេលបួនឆ្នាំនេះ និងអបអរសាទរគណៈគ្រប់គ្រង យោធាចារ្យ នៃសាលានាយទាហានសកម្មទាំងអស់ដែលបានចូលរួមនៅក្នុងការបណ្ដុះបណ្ដាលនិស្សិតនាយទាហានជំនាន់ទី១៩នេះ ទទួលបានជោគជ័យ និងផ្ដល់នូវធនធានមនុស្សដ៏សំខាន់ក្នុងការដឹកនាំនៅក្នុងកងទ័ពជាបន្តទៅទៀត។
តាមលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្ថន័យ នៃពិធីសច្ចាប្រណិធាននាពេលនេះ គឺទី១-ទីនេះ គឺជាកន្លែងសក្ដិសិទ្ធិដែលដែលបុព្វបុរសយើងបានកសាងឡើង។ ទី២-គឺជានិមិត្តរូប នៃភាពជោគជ័យរបស់ជាតិខ្មែររបស់យើងដែលប្រាសាទអង្គរវត្ត ត្រូវបានកសាងនៅក្នុងដំណាក់កាលដែលខ្មែរជាអាណាចក្រដ៏ធំនៅអាស៊ី និងអត្ថន័យមួយទៀត បង្ហាញពីកងទ័ព គឺជាឆ្អឹងខ្នង នៃអាណាចក្រខ្មែរនៅក្នុងសម័យ នៃការកសាង កងទ័ព គឺជាឆ្អឹងខ្នងនៅក្នុងការការពារជាតិ និងជាការពង្រឹងសក្ដានុពលរបស់អាណាចក្រខ្មែររបស់យើង។ ដូច្នេះបងប្អូនត្រូវចងចាំនូវអត្ថន័យ នៃការធ្វើសច្ចាប្រណិធាននៅទីនេះ នៅពេលដែលយើងចេញទៅធ្វើការនៅតាមបណ្ដាអង្គភាពផ្សេងៗ។
ជាមួយគ្នានោះ លោកបានផ្ដាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រការពាររាជរដ្ឋាភិបាលស្របច្បាប់ និងថែរក្សាសុខសន្តិភាពស្ថិរភាពជូនប្រជាពលរដ្ឋ ការពារទឹកដី ការពារជាតិរបស់យើងស្មោះត្រង់ចំពោះជាតិខ្មែររបស់យើង។ នេះគឺជាអ្វីដែលសំខាន់បំផុតសម្រាប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ គឺដាច់ខាតខ្មែរដើម្បីខ្មែរ។ ដូច្នេះ បងប្អូន ត្រូវចាំពាក្យហ្នឹងឲ្យច្បាស់ ព្រោះថាពេលប្អូនៗចេញទៅធ្វើការ នឹងមានទំនាក់ទំនងជាមួយប្រទេសជាច្រើន នៅតាមបណ្តាព្រំដែនក្តី នៅក្នុងប្រទេសក្តី នៅក្នុងក្រសួងក្តី នៅអគ្គបញ្ជាការក្តី ធ្វើការងារអ្វីទាំងអស់ គឺក្នុងឆន្ទៈ និងមនសិការជាខ្មែរ ដើម្បីផលប្រយោជន៍ជាតិខ្មែរ ប្រយោជន៍កងទ័ពខ្មែរ។
លោកបញ្ជាក់ថា យើងត្រូវមានមោទនភាពជាខ្មែរ និងក្នុងនាមជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ។ ដូនតាយើង គឺបានកសាងប្រាសាទអង្គរវត្ត និងជាអាណាចក្រ។ ដូច្នេះ សមត្ថភាព និងលទ្ធភាពរបស់បុព្វបុរសរបស់យើងដែលជាកូនខ្មែរ ជាឈាមខ្មែរ។ យើងជាកូនចៅជំនាន់ក្រោយ ជាកូនចៅបុព្វបុរសជាណាចក្រនៅទីនេះ យើងក៏មានមោទនភាពជាតិខ្មែររបស់យើង។ ត្រូវចាំឲ្យច្បាស់ពាក្យនេះ ក្នុងនាមនាយទាហាន នៃកងយោធពលខេមរភូមិន្ទ មោទនភាពសម្រាប់ឯកសណ្ឋាន សម្រាប់វិជ្ជាជីវៈជាកងទ័ព ត្រូវហ៊ានពុះពារការលំបាក មានភាពអំណត់អត់ធន់ បើគ្មានការពុះពារការលំបាក គ្មានភាពអំណត់អត់ធន់ បុព្វបុរសរបស់យើងមិនអាចកសាងអង្គរបានមកដល់ពេលនេះទេ។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងទៀតថា ការសិក្សា៤ឆ្នាំនេះ គឺជាមូលដ្ឋានសម្រាប់យើងបន្តទៅមុខទៀត ហើយសង្ឃឹមថារយៈពេល៤ឆ្នាំ ៨ឆ្នាំ ឬក៏១៦ឆ្នាំទៀត ប្អូនៗ កាន់តែចេះដឹង ចេះធ្វើ កាន់តែជោគជ័យ កាន់តែរឹងមាំ ដែលជាអនាគតជាតិរបស់យើង ហើយនាយទាហានសកម្មបានដើរតួនាទីសំខាន់ណាស់។ ដូច្នេះ នាយទាហានទាំងអស់ ត្រូវគោរពលក្ខន្តិកៈ បទវិន័យផ្សេងៗ សារាចរណែនាំរបស់រាជរដ្ឋាភិបាល ត្រូវតែធ្វើជាគំរូគេ ត្រូវមានការទទួលខុសត្រូវ ត្រូវមានវិន័យ មានភាពស្មោះត្រង់។ សង្ឃឹមថាការផ្ដាំផ្ញើនេះ ប្អូនៗនឹងយកធ្វើជាការកសាងជាប្រទីប និងជាត្រីវិស័យសម្រាប់យើងបន្តទៅមុខទៀត។ ប្អូនៗ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ មាន មោទនភាពជាតិខ្មែរ និងក្នុងនាមជានាយទាហាន ត្រូវខិតខំរៀនបង្កើនសមត្ថភាព និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន៕
Source: Kampuchea Thmey Daily
0 Comments