ព្រះសីហនុ ៖ ក្រុមអ្នកនេសាទ នៅរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ពួកគេបានប្រទះឃើញត្រីបាឡែនខ្មៅមួយក្បាលធំណាស់ មានបណ្តោយខ្លួនប្រហែល ៥ទៅ ៦ម៉ែត្រ គឺប្រវែង នឹងទូកកន្ទុយវែង បានហែលចូលមកក្នុងលំហសមុទ្រ តំបន់កោះរុងសន្លឹម សង្កាត់កោះរុង ក្រុងព្រះសីហនុ។
បងប្រុស ឈ្មោះ ទូចខ្មៅ មានរបរជាអ្នកនេសាទបាននិយាយថា វត្តមាន ត្រីបាឡែន បែបនេះ មិន មែនទើបមានជាលើកទីមួយទេ គឺកន្លងមក ក៏ធ្លាប់មានដែរ ដោយវាហែលចូលមកជាធម្មតា ហើយក៏ហែលត្រឡប់ទៅសមុទ្រទឹកជ្រៅវិញ ចំណែកអ្នកនេសាទស្រុកយើង មិនមាននរណាម្នាក់ ហ៊ាននេសាទទេ ព្រោះឧបករណ៍អ្នកនេសាទខ្មែរយើង មិនអាចនេសាទត្រី បាឡែន ដ៏ធំនេះបានទេ ដោយទំហំខ្លួនរបស់វា បើធ្វើការប្រៀបធៀបទៅនឹងទូកអ្នកនេសាទស្រុកយើង មិនខុសគ្នាប៉ុន្មានទេ ។
ជុំវិញវត្តមានត្រីបាឡែននេះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រះសីហនុ បានធ្វើការជូនដំណឹងថា សូមឲ្យប្រជាពលរដ្ឋ និងអ្នកនេសាទ កុំប៉ះ ឬសម្លាប់ត្រីបាឡែននេះ ឲ្យសោះ គឺត្រូវរួមគ្នា អភិរក្ស ដើម្បីឲ្យវត្តមានត្រីបាឡែន មានកាន់តែច្រើនក្នុងសមុទ្រខ្មែរយើង ពីព្រោះ ប្រភេទសត្វត្រីបាឡែន នេះ ជាសត្វកម្រ នៅក្នុងសមុទ្រ ស្រុកយើង៕
Source: Kampuchea Thmey Daily
0 Comments