ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀង បានជំរុញអោយមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរថ្នាក់មូលដ្ឋានបន្តពង្រឹងអំពីភូមិឃុំមានសុវត្ថិភាពដើម្បីអោយផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋបន្ថែមទៀតជាកត្តាសំខាន់។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀងដំណាក់កាលទី៧លើកទី១ និងប្រចាំឆមាស ទី១ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តនៅដំណាក់កាលទី៧លើកទី២នាព្រឹកថ្ងៃសៅរ៍៦រោច ខែបុស្សឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នៅសាលប្រជុំខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់អស់លោក លោកស្រី ដែលបានចុះផ្ទាល់តាម មូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល និងរួមចំណែកចុះជួយខេត្តស្វាយរៀងទទួលបានជោគជ័យ រាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេស ការធានាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យពិសេសរក្សាភាពកក់ក្តៅជូនពលរដ្ឋជាកត្តាសំខាន់។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបញ្ជាក់ថា ដើម្បីអោយការងាររលូនទៅមុខ នៅអាណត្តិទី៦នេះ ក្រុមការងារ ត្រូវជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបាន ច្បាស់លាស់រាល់សំណូមពរ ធ្វើនូវអំពើល្អ សិក្សាពីឫសគល់នៃបញ្ហា ការប្រឈម និងការលំបាក របស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ លើសពីនេះដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់លើរាជរដ្ឋាភិបាល ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង និងចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី លើគ្រប់វិស័យក្នុងនោះវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្ថែមទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវិទ្យាព័ត៌មាន IT ជាពិសេសត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គមដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់ទំនាក់ទំនងតាម Facebook, Email, Line, WhatsApp និង Telegram ជាដើម ដែលសុទ្ធសឹងជាមធ្យោបាយទំនាក់ទំនង កំពុងពេញនិយម និងឆាប់រហ័ស។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្ថែមទៀតនូវខ្លឹមសារល្អៗនិងត្រូវជួយចែករំលែកសកម្មភាពរបស់សម្តេចតេជោ តាម Facebook ឱ្យបានច្រើនបំផុតដូចដែលអាចធ្វើបានដើម្បីអោយប្រជាពលរដ្ឋទទួលនូវព័ត៌មានពិតៗនៃការប្រឹងប្រែងមិនខ្លាចនឿយហត់របស់រាជរដ្ឋាភិបាលក្នុងការរក្សាសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments