Ad Code

អភិបាលខេត្ត​ ជួប​សំណេះសំណាល ​និង​ពិភាក្សា​ការងារ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ​ប្រចាំ​ខេត្ត​



សៀមរាប​ ៖ នៅ​រសៀល​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩ នេះ លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អនុញ្ញាត​ឲ្យ​អង្គការ​មិនមែន​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្ត​សៀមរាប ដឹកនាំ​ដោយ ​លោកស្រី ញាណ ភួង​ម៉ាលី នាយិកា​អង្គការ​រចនា​ស្ត្រី និង ជា​ប្រធាន​បណ្ដាញ​សម្របសម្រួល ចូល​ជួប​ពិភាក្សា​ការងារ និង សម្ដែង​ការគួរសម នៅ​សាលា​ខេត្តសៀមរាប​។

​ក្នុង​កិច្ច​សម្តែង​ការគួរសម និង ពិភាក្សា​នោះ​ដែរ លោកស្រី ញាណ ភួង​ម៉ាលី ក៏បាន​បញ្ជាក់​ពី​គោល​បំណង ភារកិច្ច​របស់ អង្គការ ក្នុង​ការចូល​រួមចំណែក​ភាពជា​ដៃគូ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា ព្រមទាំង​បានបញ្ជាក់​នូវ​សមិទ្ធផល ​នៃ​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល និង អាជ្ញាធរ​មូល​ដ្ឋាន នា​ឆ្នាំ​២០១៨​កន្លងមក។ ក្នុងនោះ​លោកស្រី​ ក៏បាន​លើក​នូវ​សំណូមពរ​ចំនួន​៧​ចំណុច រួមមាន ១-​បញ្ហា​ករណី​ដីធ្លី ,២-​តំបន់​អភិរក្ស​បឹង​ពារាំង រវាង​សហគមន៍​ចុង​ឃ្នៀ​ស និង សង្កាត់​ជ្រាវ ,៣-​ស្នើសុំ​បន្ត​ផ្សព្វផ្សាយ​សេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ និង សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ,៤-​សម្របសម្រួល​ឲ្យ​មន្ត្រី​តាម​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​ជាមួយ​អង្គការ ,៥-​សូម​ឲ្យ​មាន​កិច្ចប្រជុំ​រវាង​អាជ្ញាធរ និង សង្គម​ស៊ីវិល​មួយឆ្នាំ​២​ដង ,៦-​សូមកុំ​ឲ្យ​ក្រុមហ៊ុន ស៊ូ​ជី​ង កុំ​យក​ពន្ធពី​ជនបរទេស​ដែលជា​ម្ចាស់ជំនួយ ,៧-​សូមជួយ​ទប់ស្កាត់​ករណី​កាប់ឆ្ការ​ព្រៃ​នៅ​តំបន់ភ្នំ​គូលែន​។​

​ឆ្លងតាម​កិច្ចពិភាក្សា នូវ​រាល់​បញ្ហា​ពាក់ព័ន្ធ​របស់​មន្ទីរ​អង្គភាព ដែល​អង្គការ​សង្គម​ស៊ីវិល​លើកឡើង ដោយមាន​ករណី​មួយ ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ ហើយ​មួយចំនួន​នៅ​មិនបាន​ដោះ​ស្រាយ​ផងដែរ​។ ម្យ៉ាងទៀត​នា​ពេល​កន្លងមក តាម​បណ្ដា​មន្ទីរ​មានការ​ពាក់ព័ន្ធ តែងតែ​រួមសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដោយ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ផងដែរ។​

​មានប្រសាសន៍​នោះដែរ ​លោក ទៀ សីហា ក៏បាន​លើក​ផង​ដែរ​ថា ជាច្រើន​ឆ្នាំ​មកហើយ​ ដែលមាន​អង្គការ​សង្គម​ស៊ីវិល មាននៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ធ្វើ​កិច្ចសហការ​ជា​ដៃគូ​នឹង​គ្នា ទៅ​លើ​គ្រប់​វិស័យ។

លោក​បាន​បន្តទៀតថា តាម​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល មក​ខេត្ត​នាពេលនេះ អាជ្ញាធរខេត្ត នឹង​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​រាល់​បញ្ហា​ដែល​ដែល​បានលើកឡើង​ ដើម្បី​រក​នូវ​ដំណោះ​ស្រាយ​ប្រកបដោយ​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ​ម្យ៉ាង ទៀត​ អាជ្ញាធរ​ខេត្ត ក៏​មិនបាន​ដើរតួ​ជា​អាជ្ញាធរ​កណ្ដាល​នោះឡើយ តែ​ទាំង​អង្គការ និង អាជ្ញាធរ គឺ​ត្រូវ​រួមសហការ​គ្នា ធ្វើ​កិច្ចការ​សង្គម​ឲ្យ​មាន​ភាព​រលូន ប្រកប​ទៅ​ដោយ​ភាព​ជិតស្និទ្ធ​នឹង​គ្នា ដើម្បី​បម្រើ​នូវ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប និង ដើម្បី​ជា​ភាព​រីកចម្រើន​របស់​ខេត្ត​ទៀត​ផង។ ក្នុងនោះដែរ​ លោក​ក៏បាន ស្នើ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង មន្ទីរ​មានការ​ពាក់ព័ន្ធ រួមសហការ​គ្នា​ជា​បន្តទៀត ដើម្បី​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​ក្នុង​ខេត្ត​សៀមរាប​៕​



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu