Ad Code

ចោរ​លួច​រថយន្ត​អស់​២​គ្រឿង ​នៅ​ក្រុង​ស្វាយរៀង​ និង​ក្រុង​បាវិត



ស្វាយរៀង ​៖​ មាន​ក្រុម​ចោរ​ ចាប់ផ្ដើម​ធ្វើ​សកម្មភាព​លួច​រថយន្ត​ ហើយ​ក្នុង​មួយ​យប់​ លួច​បាន​២​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​ រីឯ​ម្ចាស់​បាន​ត្រឹម​ប្ដឹង​សមត្ថកិច្ច​ប៉ុណ្ណោះ។

​ករណី​បាត់​រថយន្ត​នោះ​ ទី​១​-កើតឡើង​វេលា​ម៉ោង​ប្រមាណ​២​យប់​រំលង​អធ្រាត្រ​ ថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ ស្រះ​វង្ស​ សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង​។​

បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​បាត់​រថយន្ត​ ឈ្មោះ មាស សាមី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរ​ជា​គ្រូបង្រៀន​ នៅ​វិទ្យាល័យ​ស្វាយរៀង​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាង​លើ​ ខណៈ​ខ្លួន​មាន​ជំងឺ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយ​ទុក​ឪពុក ​និង​ម្ដាយ​ចាស់ជរា​ចាំផ្ទះ។

​ប្រភព​ដដែល​បន្តទៀត​ថា ​ជនរងគ្រោះ​ទុក​រថយន្ត​នៅ​ខាង​មុខផ្ទះ​ ហើយ​រាល់ដង​ គឺ​ចាក់សោ​ តែ​យប់​កើត​ហេតុ​ភ្លេច​ មិន​ដឹង​ថា​បាន​ចាក់សោ ​ឬ​អត់​ទេ​ ទើប​ចោរ​លួច​ទៅ​បាន​ងាយស្រួល​បែបនេះ​។

​ប្រភព​បន្តទៀតថា​ រហូតដល់​ព្រឹក​ឡើង ​ម៉ោង​៥​និង​០០​នាទី​ ថ្ងៃទី​២៦​ ឪពុក​គាត់​ក្រោក​ឡើង​ពី​ដំណេក ​ទើប​ដឹងថា​ បាត់​ឡាន ក៏​ឆោឡោ​ប្តឹង​សមត្ថកិច្ច​តែម្ដង​។

រថយន្ត​ ដែល​បាត់​នោះ​ ម៉ាក​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២U៨០៥០ ស៊េរី​២០០២​​​ ហើយ​នៅ​ក្រុង​បាវិត ​ក៏មាន​ចោរលួច​រថយន្ត​១​គ្រឿង​ទៀត​ ម៉ាក​ហាយ​ឡែ​ន​ដ័​រ​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២W០១០៦ ស្ថិតនៅ​ភូមិ​ព្រៃ​ផ្តៅ ​សង្កាត់​ច្រកម្ទេស ​ក្រុង​បាវិត​ បាត់​ម៉ោង​ប្រមាណ​២​ទៀបភ្លឺ​ដែរ​។ ​បច្ចុប្បន្ន​ សមត្ថកិច្ច​ កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ចោរ​លួច​រថយន្ត​ទាំងអស់នោះ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu