Ad Code

គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣​ខ្សែ​ មាន​ផ្លូវ​លេខ​៥០,៥២ និង​៥៤​ ដែល​មាន​ប្រវែង​១.៧០០​ម៉ែត្រ ក្នុង​សង្កាត់​ផ្សារឆ្នាំង



​កំពង់ឆ្នាំង ៖ គម្រោង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​AC ៣​ខ្សែ​ មាន​ប្រវែង​១.៧០០​ម៉ែត្រ នៅក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែលជា​ថវិកា​ជាតិ អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ គិត​មកដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​នេះ គឺ​កសាងបាន​ប្រមាណ​៧០%​ហើយ។​

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា នេះ​ថា ការកសាង​ផ្លូវ​ក្រាល​កៅស៊ូ​AC ៣​ខ្សែ ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន​ប្រវែង​១.៧០០​ម៉ែត្រ ដោយ​ត្រូវ​ចាក់​ដី​ឡើង​កម្ពស់​០,៦​ម៉ែត្រ ក្រាល​កៅស៊ូ​AC កម្រាស់​០,០៥ ម៉ែត្រ មាន​ទទឹង​៨​ម៉ែត្រ ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​កែលំអ​សោភ័ណភាព​ក្រុង​កំពង់ឆ្នាំង ស្វាគមន៍​ការ​ធ្វើ​បុណ្យ​ទន្លេ​នៅ​ក្នុង​ខែ​មីនា​ផង​នោះ គឺ​កសាង​បាន​ប្រមាណ​៧០​ភាគរយ​ហើយ។

លោក កែវ ពៅ បាន​ឲ្យ​ដឹង​ទៀត​ថា ថវិកា​ដែល​យកមក​កសាង​ផ្លូវ​ខាងលើនេះ គឺជា​ថវិកា​របស់​ជាតិ តាមរយៈ​ក្រសួង​សាធារណការ និង​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង និង​កសាង​ដោយ​ក្រុមហ៊ុន ឈន​សា​រាណរ ដោយមាន​ការ​សហការ​ និង​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​បានការ​អបអរសាទរ​យ៉ាង​ក្រៃលែង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង។

លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​, ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​, ឯកឧត្ដម ឈួ​រ ច័ន​ឌឿ​ន និង​ លោក​ កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ដែល​បាន​គិតគូរ និង​ដោះស្រាយ​បញ្ហា​ប្រឈម សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​បាន​ដោយ​ជោគជ័យ និង​ទាន់ពេលវេលា ស្របតាម​ការ​ធ្វើ​បុណ្យ​ទន្លេ​នៅក្នុង​ខែ​មីនា បាន​ខិត​ជិត​មក​ដល់​ហើយ​នោះ ប្រជាពលរដ្ឋ​ពិតជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់។

សូមបញ្ជាក់ថា កន្លងមក​ផ្លូវ​នេះ​ ជា​ផ្លូវ​តូច​ចង្អៀត​លំបាក មាន​គ្រលុក​ច្រើន ដោយ​នៅ​ក្នុង​ខែវស្សា ទឹក​ឡើង​ត្រូវ​លិច​ ពិបាកធ្វើ​ដំណើរ ឥឡូវ​បាន​ធ្វើ​ដំណើរ​ស្រួល​ជា​បណ្តើរៗ​ហើយ សង្ឃឹមថា​ពេល​កសាង​ផ្លូវ​នេះ​រួចរាល់ ប្រជាពលរដ្ឋ​ពិតជា​អស់​ក្តីកង្វល់​ទៀតហើយ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu