ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាននិងសេចក្តីស្រលាញ់ដល់ប្រជាពលរដ្ឋកម្ពុជាក្រោមកិច្ចការជាមួយទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េនៅកម្ពុជា(Kotra )ប្រតិភូកូរ៉េនៃDaekyung Esco បានផ្តល់អំណោយឡដុតសំរាមសំណល់វេជ្ជសាស្ត្រចំនួនមួយគ្រឿងដល់មន្ទីរព្យាបាលHebron Medical Center កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០១៩។
នៅក្នុងពិធីប្រគល់និងទទួលឡដុតសំណល់វេជ្ជសាស្ត្រនេះ លោក Kim Woo Jung ប្រធានHebron Medical Center បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោកប្រធាន Hyang –won ,Kim តំណាងDaekyung Esco ដែលបានផ្តល់ជាអំណោយឡដុតសំណល់វេជ្ជសាស្ត្រនាពេលនេះដើម្បីសម្រួលដល់ការលំបាករបស់មន្ទីរព្យាបាលក្នុងការគ្រប់គ្រងសំរាមសំណល់វេជ្ជសាស្ត្រ។
លោកបន្តថា ឡដុតសំរាមសំណល់វេជ្ជសាស្ត្រនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់ឧស្ម័នពុលនៅក្នុងបរិយាកាស និងទប់ស្កាត់ការឆ្លងមេរោគផ្សេងៗពីសំរាមសំណល់វេជ្ជសាស្ត្រ។
លោក Kim Woo Jungបានបញ្ជាក់ថា ក្នុងមួយឆ្នាំមន្ទីរព្យាបាលHebron Medical Centerជួយព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រមកពីបណ្តាខេត្តផ្សេងៗនិងរាជធានីភ្នំពេញបានចំនួន៦ម៉ឺននាក់។ ក្នុងនោះប្រជាពលរដ្ឋក្រីក្រមិនយកថ្លៃនិងអ្នកមានលទ្ធភាពត្រូវបង់វិភាគទានខ្លះៗតែប៉ុណ្ណោះ។
លោក Hyang –won ,Kim តំណាងDaekyung Esco និងជាប្រធាន Korea incinerator បានឲ្យដឹងថា នេះជាលើកទី១ដែលលោកបានផ្តល់អំណោយឡដុតសំរាមសំណល់វេជ្ជសាស្ត្រដល់ប្រទេសកម្ពុជា។ ឡនេះមានសារៈសំខាន់ក្នុងការទប់ស្កាត់ឧស្ម័នពុលទៅក្នុងបរិយាកាសនិងទប់ស្កាត់ការឆ្លងមេរោគផ្សេងៗពីសំណល់វេជ្ជសាស្ត្រ។ ឡដុតនេះប្រើប្រាស់បច្ចេកវិទ្យាទំនើប មិនមានផ្សែង មិនមានក្លិន ជាមធ្យមក្នុងមួយម៉ោងអាចដុតបាន៥០គីឡូក្រាមនៃសំរាមសំណល់វេជ្ជសាស្ត្រនិងអាចដុតជាបន្តគ្នាជារៀងរហូត។ លោកបន្តថា គ្រប់មន្ទីរពេទ្យគួរតែមានឡដុតសំរាមសំណល់វេជ្ជសាស្ត្របែបនេះមួយជាចាំបាច់៕
Source: Kampuchea Thmey Daily
0 Comments