ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) នៅព្រឹកថ្ងៃច័ន្ទ ទី២១ ខែមករា សប្ដាហ៍នេះ បានធ្វើដំណើរទៅកាន់ទឹកដីអង្គរ នៃខេត្តសៀមរាប ដើម្បីទៅបោះជុំរំហ្វឹកហាត់នៅទីនោះរយៈពេល១សប្ដាហ៍ ដើម្បីត្រៀមស្វាគមន៍រដូវកាលថ្មីឆ្នាំ២០១៩ខាងមុខ។
យោងតាមប្រភពមកពីក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានបញ្ជាក់ថា ក្រៅពីហ្វឹកហាត់នៅលើទឹកដីខេត្តសៀមរាប ក្រុមនេះក៏មានណាត់ក្រុមម្ចាស់ស្រុកចំនួន៣ក្រុមដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដែរដោយក្នុងនោះបានប្រកួតចាញ់ក្រុមអង្គរថាយហ្គឺរ ២ទល់០ និងស្មើគ្នាជាមួយក្រុមពាក់កណ្ដាលអាជីពសៀមរាបអែហ្វស៊ី ០ទល់០ផងដែរ។ តាមគ្រោងបន្ទាប់ក្រុមនេះនឹងត្រូវប៉ះក្រុមសូលទីឡូអង្គរ វិញម្តង។
សូមបញ្ជាក់ថា ក្រុមដែលជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំកីឡាករឡើងវិញក្រោយសម្រាកមួយរយៈបន្ទាប់ពីបញ្ចប់បេសកកម្មក្នុងរដូវកាលចាស់ ហើយនេះជាដំណាក់កាលដែលក្រុមទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួនឡើងវិញទាំងសមាជិកចាស់ និងសមាជិកថ្មីៗទាំងខ្មែរនិងបរទេស ឬកីឡាករខ្លះទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុននឹងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំ ឬ យ៉ាងណានោះ មុនរដូវកាលឆ្នាំ២០១៩ មកដល់។
ក្រុមព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយលោក Conor Nestor ទទួលចំណាត់ថ្នាក់មិនសូវបានល្អនោះទេ ប្រចាំរដូវកាលនេះទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បើធៀបនឹងលទ្ធផលតាមឆ្នាំកន្លងមក។ ចំពោះលីគកំពូលកម្ពុជា វិញក្រោយប្រកួតបាន២២លើកឈ្នះបាន១០លើក ហើយស្មើគ្នាបាន៣លើក និងបរាជ័យរហូតដល់៩លើក ឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកទាំង១២។ ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់អង្គរថាយហ្គឺរ៕
Source: Kampuchea Thmey Daily
0 Comments