Ad Code

អាវុធហត្ថ​បញ្ជូន​ចោរលួច​កាច់ ក ម៉ូតូ ,​លួច​គាស់​ផ្ទះ ,​លួច​ទូរស័ព្ទ មាន​និស្ស័យ​ចូល​គុក ជាមួយគ្នា



ភ្នំពេញ ៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរ ០៣​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី​ចោរកម្ម​០៣ ផ្សេងៗ​គ្នា​នា​ថ្ងៃនេះ​។ មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ​ទី​១/ ឈ្មោះ ផាន់ ពេជ្រ​ពន្លឺ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី លួច​កាច់ ក ម៉ូតូ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤និង៣៥​នាទី នៅ​ចំណុច មុខ​ផ្ទះ​លេខ​17E0Z ផ្លូវ​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​។ ​ទី​២/ ឈ្មោះ ថន ភា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី លួច​គាស់​ផ្ទះ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩:៣០​នាទី ស្ថិតនៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​ ទី​៣/ ឈ្មោះ សឿន ច​ន្ធី ហៅ​វ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២និង០០​នាទី នៅ​ចំណុច ក្នុង​ការដ្ឋាន​សាងសង់​បុរី អ័​រ​គី​ដេ ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភព​បន្ត​ថា ​ក្រោយពី​ចាប់ខ្លួន​ឈ្មោះ ផាន់ ពេជ្រ​ពន្លឺ បាន​សារ​ភាព​ថា នៅ​ថ្ងៃ​កើតហេតុ រូបគេ​បាន​ជិះ​កង់​ចេញ​មកពី​ផ្ទះ​ក្រោយ​អគ្គបញ្ជាការដ្ឋាន កងយោធពល​ខេមរភូមិន្ទ លុះ​មកដល់​ម្តុំ​បុរី​កីឡា​ឃើញ​ម៉ូតូ​មួយ​គ្រឿង ម៉ា​កនិច ពណ៌​ផ្កាឈូក ចត​ទុកចោល ក្រោមផ្ទះ ទើប​រូបគេ​យក​កង់​ទៅ​ទុក​មុខ​សាលា​ឯកជន​មួយ ហើយ​ចូលទៅ​កាច់​សោ.ក ម៉ូតូ​នោះ បម្រុង​លួច​ចេញ តែ​ត្រូវ​ប្រជាពលរដ្ឋ​បានឃើញ​និង​ស្រែក​ឆោឡោ រូបគេ​ក៏បាន​រត់គេច​ដល់​ផ្សារ​ដេប៉ូ ត្រូវ​អាវុធហត្ថ​ខណ្ឌ​៧​មករា ឃាត់ខ្លួន​តែម្តង​។ ដោយឡែក​ឈ្មោះ ថន ភា បាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ រូបគេ​បាន​ជិះឡាន​មកពី​ប៉ោយប៉ែត ចុះ​មុខ​បុរី​ហាយ​ឡែ​ន រួច​ដើរ​បន្ត​សំដៅ​មក​ភ្នំពេញ ដល់​ចំណុច​ភូមិ​ក្តី​ចាស់ ក៏​ប្រទះឃើញ​ផ្ទះមួយ​កន្លែង​ចាក់សោ​ទ្វារ​ទុកចោល រូបគេ​ក៏​ចូល​ទៅ​ដើរ​ក្រវែល​ជុំវិញ យក​បាន​ដែក​ទីប​មួយ​ហើយ​គាស់​ទម្លាយ​ចម្រឹង​បង្អួច ផ្លោះ​ចូលក្នុង​ផ្ទះ​រើរ​កកាយ​រក​សម្ភារៈ​មានតម្លៃ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ចុះទៅ​ឃាត់ខ្លួន​តែម្តង​។

ឈ្មោះ សឿន ច​ន្ធី បាន​សារភាព​ថា រូបគេ​ជា​កម្មករ​សំណង់ សាងសង់​បុរី​អរ​គី​ដេ នៅ​ថ្ងៃ​កើតហេតុ​យប់​រំលង​អធ្រាត្រ រូបគេ​បាន​ដើរ​លួច​ទូរស័ព្ទ​កម្មករ​សំណង់​ដូចគ្នា​ដែល​ដេក​លក់​បាន​ចំនួន​០៣​គ្រឿង ហើយ​ចូល​ដេក​កន្លែង​ដើម​វិញ ស្រាប់តែ​បាន​ប្រហែល​១​ម៉ោង ម្ចាស់​គេ​ដឹងខ្លួន ដើររក​ទូរស័ព្ទ​ហើយ​តេ​ចូល​លេខ​ទូរស័ព្ទ​ដែល​បាត់ ក៏​លឺ​សម្លេង​រោទ៍ នៅ​កន្លែងដេក​របស់​ខ្លួន បណ្តាល​ឲ្យ​បែកការ ត្រូវ​គេ​ឃាត់ខ្លួន​បញ្ជូន​ឲ្យ​អាវុធហត្ថ​តែម្តង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu