ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ត្រូវតែភ្ជាប់នូវលក្ខខណ្ឌនៃកាតព្វកិច្ចសារពើពន្ធសិន មុនផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ ដល់ការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ជាថ្មី នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីនីតិវិធីនៃការស្នើសុំបើកការិយាល័យតំណាងវិទ្យុទាំងពីរនេះ នៅក្នុងប្រទេសកម្ពុជា។
តាមលិខិតនោះ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិ សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានជាធរមាន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង ដូច្នេះវិទ្យុទាំងពីរនេះ ក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ឡើងវិញបានដែរ។
ចំពោះបញ្ហានេះ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) កន្លងមក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាយូរឆ្នាំមកហើយ ដោយពុំបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងពុំបានយកចិត្តទុកដាក់នូវការអនុវត្តកាតព្វកិច្ចចុះបញ្ជីពន្ធដារស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារនោះទេ ហើយក្រោយមក វិទ្យុទាំងពីរនេះ បានសម្រេចបិទការិយាល័យតំណាងរបស់ខ្លួននៅរាជធានីភ្នំពេញ ដោយខ្លួនឯង ហើយពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចទៀតផង។
តាមលោក ខៀវ កាញារីទ្ធ ចំពោះការស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) អគ្គនាយកដ្ឋានពន្ធដារ បានស្នើមកក្រសួងព័ត៌មាន មុនផ្តល់អាជ្ញាប័ណ្ណ ឬផ្តល់ការអនុញ្ញាត ឲ្យចុះបញ្ជីស្របច្បាប់ដល់ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នេះ គួរភ្ជាប់នូវលក្ខខណ្ឌនៃការគោរពកាតព្វកិច្ចសារពើពន្ធជាមុនសិន។
ទាក់ទងបញ្ហានេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី២៥ ខែមករា ថា ក្រសួងការបរទេសបានទទួលលិខិតពីក្រសួងព័ត៌មាននោះហើយ៕
Source: Kampuchea Thmey Daily
0 Comments