កណ្តាល ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៣នាក់ រងរបួសក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿង បុកគ្នាដែលសមត្ថកិច្ចពិនិត្យឃើញថា បង្កឡើងដោយរថយន្តកាម៉ារីបាឡែនមានល្បឿនលឿន ហើយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍បានកើតឡើងនៅថ្ងៃព្រហស្បតិ៍០៤រោច ខែបុស្ស ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២២និង១០នាទី លើផ្លូវជាតិលេខ ៦ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ចំណុច ភូមិលើឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។
នគរបាលចរាចរស្រុកមុខកំពូលបានឲ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ប្រុស និងរបួសស្រាល០៣នាក់ ប្រុសម្នាក់ខូចខាត រថយន្ត០៣គ្រឿង។
នគរបាលបញ្ជាក់ថា ករណីនេះបង្កឡើង ដោយរថយន្តមួយគ្រឿង ម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AP-3602 បើកបរ ដោយឈ្មោះហេង ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើដំណើរពីជើងទៅត្បូង(ពីព្រែកតាមាក់ទៅភ្នំពេញ) លុះមកដល់ចំណុចកើតហេតុ បានមកបុករថយន្តមួយគ្រឿងពីក្រោយ ម៉ាកហ៊ីយិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2Q-6944 បើកបរដោយឈ្មោះសាយ សារុំ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលធ្វើដំណើរពីជើងទៅត្បូង (ស្របទិសគ្នា) ក្រោយពេលបុករថយន្តបាឡែនបានរ៉េចង្កូតមកឆ្វេងហោះផុតសួនច្បារមកគន្លងផ្លូវខាងកើត(ឆ្វេងដៃ) ទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AE-2810 បើកបរដោយឈ្មោះ ស៊ឹង សំអាត ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិឫស្សីជ្រោយឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានរួមដំណើរពីរនាក់ ១ឈ្មោះព្រុយ ផល្លីភេទស្រីអាយុ៤០ឆ្នាំ មានទីលំនៅជាមួយគ្នា។ ២ឈ្មោះស៊ៀ សុមាលី ភេទស្រី អាយុ០៤ឆ្នាំ មានទីលំនៅជាមួយគ្នា។ បណ្ដាលឲ្យស្លាប់អ្នកបើកបររថយន្តបាឡែននៅកន្លែងកើតហេតុ និងរបួសស្រាលដល់ឈ្មោះស៊ឹង សំអាត ឈ្មោះព្រុយ ផល្លី និងឈ្មោះស៊ៀ សុមាលី ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ករណីនេះ មូលហេតុដោយសារអ្នកបើកបររថយន្តបាឡែន បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕
Source: Kampuchea Thmey Daily
0 Comments