ភ្នំពេញ ៖ តាមការអញ្ជើញរបស់លោកជំទាវ ហ្វេដឺរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
តាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២២ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប គឺជាវេទិកាដ៏សំខាន់មួយសម្រាប់រដ្ឋមន្ត្រីមកពីប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុបទាំងអស់ជួបពិភាក្សាអំពីបញ្ហារួមសម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងគោលដៅពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហភាពអឺរ៉ុប។ នៅក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប លើកទី២២ ក្រៅពីការពិនិត្យឡើងវិញនូវការរីកចម្រើននៃកិច្ចសហប្រតិបត្ដិការកន្លងមក រដ្ឋមន្ត្រីទាំងអស់បានពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្ដិការរបស់អាស៊ាន និងសហភាពអឺរ៉ុប និងការផ្លាស់ប្តូរទស្សនៈគ្នាផងដែរ អំពីបញ្ហាបន្ទាន់ថ្មីៗជុំវិញពិភពលោក រួមមាន៖ បម្រែបម្រួលអាកាសធាតុ ការតភ្ជាប់ ការប្រឆាំងអំពើភេរវកម្ម សន្តិសុខលំហសមុទ្រ អន្តោប្រវេសន៍ និងពាណិជ្ជកម្ម ដែលជាបញ្ហាកង្វល់រួមរបស់តំបន់ទាំងពីរ ក៏ដូចជាសកលលោកផងដែរ។ រដ្ឋមន្ដ្រីទាំងអស់បានបញ្ជាក់ឡើងវិញនូវតួនាទីដ៏មានសារៈសំខាន់របស់អាស៊ាន និងសហភាពអឺរ៉ុបក្នុងការតម្រង់ទិសវិស័យនយោបាយ សង្គមសេដ្ឋកិច្ច និងរបៀបវារៈសន្ដិសុខនៅតំបន់ទាំងពីរ និងពិភពលោក។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២២នេះ បានអនុម័ត “សេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២២” ដែលអាស៊ាន និងសហភាពអឺរ៉ុប បានឯកភាពជាគោលការណ៍ដំឡើងពីភាពដៃគូទូលំទូលាយ អាស៊ាន-សហភាពអឺរ៉ុប ទៅជាកម្រិតដៃគូយុទ្ធសាស្ត្រ ដោយបន្តចរចាលើចំណុចលម្អិត និងកាលបរិច្ឆេទច្បាស់លាស់ជាបន្តទៀត។
សហភាពអឺរ៉ុបបានអះអាងជាថ្មី នូវការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្តន៍ និងតួនាទីនាំមុខអាស៊ានក្នុងការជំរុញកិច្ចសន្ទនា សម្របសម្រួលនិងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព និងឈរលើមូលដ្ឋានច្បាប់ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្រៅតំបន់។
ក្នុងការឆ្លើយតបក្នុងនាមអាស៊ាន លើរបៀបវារៈស្តីពីការតភ្ជាប់ លោកឧបនាយករដ្ឋមន្ត្រី បានសំដែងនូវសេចក្ដីរីករាយចំពោះការរួមចំណែក និងការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះការតភ្ជាប់អាស៊ាន ជាពិសេសការចូលរួមរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្ដិការលើការតភ្ជាប់អាស៊ាន ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីគាំទ្រការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ តាមរយៈកិច្ចសន្ទនាតាមវិស័យ និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងបំណងពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គុណភាពនៃហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ដ ជាកត្ដាមួយដ៏សំខាន់ ដែលជាវិភាគទានមួយដ៏ចំបងសម្រាប់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈប្រយោជន៍នៃការបង្កើនការបំពេញបន្ថែមឲ្យ គ្នាទៅវិញទៅមក និងការធ្វើសំយោគកម្មនៃផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងវិថី យុទ្ធសាស្ត្រ និងទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិក ផែនការមេយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ និងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់ក្នុងការបង្កើនកិច្ចខំប្រឹងប្រែងរួមរវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងការចូលរួមដោះស្រាយការរីកលូតលាស់យឺតក្នុងសកលលោក ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយរវាងតំបន់ និងតំបន់អាស៊ាន និងសហភាពអឺរ៉ុប ដែលនឹងបង្កើនអ្នកប្រើប្រាស់កាន់តែច្រើន ពង្រីកទីផ្សារកាន់តែធំ បង្កើនការរីកលូតលាស់ និងកិច្ចអភិវឌ្ឍសម្រាប់តំបន់ទាំងពីរ។ រដ្ឋមន្ត្រីទាំងអស់ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាប្រយុទ្ធប្រឆាំងភេរវកម្ម និងអំពើជ្រុលនិយមហិង្សា និងបញ្ហាឧបទ្វីបកូរ៉េ ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាឧបទ្វីបកូរ៉េ រដ្ឋមន្ត្រីទាំងអស់បានសំដែងការប្តេជ្ញាគាំទ្រនូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ តាមរយៈការទូត និងការអនុវត្តពេញលេញនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីទាំងអស់ក៏បានគូសបញ្ជាក់ផងដែរថា ការវិវត្តន៍នៃទំនាក់ទំនងអន្តរកូរ៉េ ការលុបបំបាត់អាវុធនុយក្លេអែរទាំងស្រុងដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចប្រែក្រឡាស់ ព្រមទាំងសន្តិភាពនៅឧបទ្វីបកូរ៉េ គឺមានសារៈសំខាន់សម្រាប់សន្តិភាពសន្តិសុខ និងស្ថិរភាព នៅអាស៊ីបូព៌ានិងពិភពលោកទាំងមូល។ រដ្ឋមន្ត្រីទាំងអស់ក៏បានស្វាគមន៍នូវកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ និងគំនិតផ្តួចផ្តើមការទូតនានាពីដៃគូផ្សេងៗ ដើម្បីសម្រេចគោលដៅទាំងនេះ។
ឆ្លៀតក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុបលើកទី២២ នេះដែរ លោកឧបនាយករដ្ឋមន្ត្រីក៏មានជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយ លោក ឌីឌ្យ៉េរ រ៉េនឌ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបប្រទេសបែលហ្ស៊ិក លោកជំទាវ សេស៊ីលីយ៉ា ម៉ាលស្ត្រុមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និងលោក អេនតូនីញូ លូប៉េស អ៊ីសទូរីស សមាជិកសភាអឺរ៉ុប មកពីប្រទេសអេស្ប៉ាញ និងជាអគ្គលេខាធិការគណបក្សប្រជាជនអឺរ៉ុប៕
Source: Kampuchea Thmey Daily
0 Comments