ឧត្តរមានជ័យ ៖ នៅច្រកអន្តរជាតិជាំសាងុំា សមត្ថកិច្ចថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ឲ្យមកកម្ពុជាវិញ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋ២នាក់ ដែលសមត្ថកិច្ចថៃបញ្ជូនមកនោះ មានឈ្មោះ ឃោន ខេន ភេទប្រុស អាយុ២២ឆ្នាំ,២.ឈ្មោះ សំបូ រេន ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិវាលពោធិ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងដីថៃ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនបាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ចូលតាមច្រកបុស្បូវ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួនជាងមួយឆ្នាំ នៅស្រុកណាំងរ៉ង ខេត្តបុរីរ៉ាំ និងត្រូវបានដោះលែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
ក្រោយពីបានទទួលដំណឹងពីភាគីថៃ សមត្ថកិច្ចយើង បានធ្វើការណែនាំអប់រំរួច ក៏បានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕
Source: Kampuchea Thmey Daily
0 Comments