Ad Code

សិស្សានុសិស្ស​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ចំនួន​៤០​នាក់​ បាន​ស្ម័គ្រ​ចិត្ត​ផ្តល់​អំណោយ​ឈាម​ជូន​មន្ទីរពេទ្យ​បង្អែក​ ខេត្ត​កំពង់ឆ្នាំង ​



កំពង់ឆ្នាំង ៖ មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ បាន​ទទួល​សិស្សានុសិស្ស មកពី​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ ចំនួន​៤០​នាក់ បាន​ស្ម័គ្រចិត្ត​ផ្ដល់​ឈាម​ចំនួន​៤០​កំប្លោក ​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត សម្រាប់​ជួយសង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ស្ត្រី​សម្រាលកូន និង អ្នក​ជំងឺ​ទូទៅ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ដើម្បី​សង្គ្រោះ​ជីវិត។

លោក សូ​រិន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​មន្ទីរពេទ្យ​ខេត្ត កំពុង​តម្រូវការ​ឈាម​ច្រើន ព្រោះតែ​អ្នក​ជំងឺ​បាន​កើន​ឡើង​ច្រើន​ជា​រៀងរាល់ថ្ងៃ។ ដោយឡែក​ខាង​មន្ទីរពេទ្យ​កន្លងទៅ ​ធ្លាប់​បានទទួល​ឈាម​ពី​មន្ត្រី​យោធា មន្ត្រី​នគរបាល សាសនិក​ឥស្លាម និង​ពី​ក្រុម​គ្រូពេទ្យ​ខ្លួនឯង​ជាដើម​ជា​បន្តបន្ទាប់​ផង​ដែរ ប៉ុន្តែ​ប្រើប្រាស់​មិន​គ្រប់គ្រាន់​ឡើយ។

ជាក់ស្ដែង​ម្សិលមិញ​នេះ ​មន្ទីរពេទ្យ​ខេត្ត ក៏​ទទួល​បាន​អំណោយ​ឈាម ពី​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដែល​ស្ម័គ្រ​ចិត្ត​ចំនួន​៤០​នាក់​ដែរ​។

លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​ឈាម ដែល​ទទួល​បានមក គឺ​ត្រូវយក​ទៅពិនិត្យ​យ៉ាង​យកចិត្ត​ទុក​ដាក់​បំផុត ហើយ​បើ​ឃើញ​មាន​មេរោគ គឺ​មិន​យ​ក​ទៅ​ប្រើ​ប្រាស់​ឡើយ​។ ចំពោះ​ឈាម​ដែល​ប្រើ​ផ្តល់​ជូន​ទៅ​លើ​អ្នក​ជំងឺ ឬ​ជនរងគ្រោះ មិនបាន​គិត​ថ្លៃ​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​ជំងឺ​មាន​បងប្អូន សាច់ញាតិ ត្រូវ​ជួយផ្តល់​ឈាម​ត្រឡប់មកវិញ ដើម្បី​ទុក​សង្គ្រោះ​ជីវិត​មនុស្ស​តទៅទៀត។ ប៉ុន្តែ​ពេលខ្លះ​អ្នក​ជំងឺ​មិន​មាន​សាច់ញាតិ​បងប្អូន ខាង​មន្ទីរពេទ្យ​ក៏​នៅ​មិន​យក​ថ្លៃ​អ្វី​ដែរ។

លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់ សិស្ស​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ដែល​ស្ម័គ្រចិត្ត​ផ្តល់​ឈាម ជូន​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​មនុស្ស ដែលជា​កាយវិកា​មនុស្ស​ធម៌​ដ៏​ប្រពៃ​មិនអាច​កាត់ថ្លៃ​បានឡើយ។ លោក​ក៏​សូម​អរគុណ​ផង​ដែរ​ ដល់ លោកនាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដែល​បាន​នាំ​សិស្ស​ចំនួន​៤០​នាក់​ដែល​បាន​ស្ម័គ្រចិត្ត ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ ដោយ​ការផ្តល់​ឈាម​នេះ​ បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​បាទ​សុរា​ម្រឹត ស្ថិតក្នុង​ភូមិ​ស្រែ​ព្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ការចូលរួម​ដឹកនាំ​ពី​លោក ទុំ សម្បត្តិ ប្រធាន​អនុប្រធាន មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង។​

កញ្ញា ស នី​តា ប្រធាន​ផ្នែក​មន្ទីរ​ពិសោធន៍ និង​ផ្តល់​ឈាម នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង មាន​តម្រូវការ​ឈាម​ជាច្រើន​សម្រាប់​ជួយ សង្គ្រោះ​ជីវិត​អ្នកជំងឺ​មាន​គ្រោះថ្នាក់​ផ្សេងៗ និង​ជួយ​ដល់​អ្នកជំងឺ​ដែល​គ្មាន​សាច់ញាតិ ដែល​ត្រូវការ​ឈាម​សង្គ្រោះ​ជីវិត​បន្ទាន់​ផងដែរ ដែល​មន្ទីរពេទ្យ​ខេត្ត​មិន​តម្រូវឲ្យ​បង់​ប្រាក់​ថ្លៃ​ឈាម​នោះ​ឡើយ៕

​ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu