Ad Code

អ្នកស្លាប់​ដោយសារ​ទឹកជំនន់​និង​ការបាក់​ដី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កើន​ដល់​៥៩​នាក់​



រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទឹកជំនន់​និង​ការ​រអិល​បាក់​ដី​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បានសម្លាប់​មនុស្ស​យ៉ាងតិច​៥៩​នាក់​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយប្រហារ​កោះ Sulawesi ហើយ​បង្ខំ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​។​

លោក Syamsibar ប្រធាន​ទីភ្នាក់ងារ​កាត់​បន្ថយ​គ្រោះមហន្តរាយ​កោះ Sulawesi ភាគខាងត្បូង​បាន​ប្រាប់ AFP ថា “​ខ្ញុំ​មិន​ធ្លាប់​ឃើញ​អ្វី​អាក្រក់​បែបនេះ​ទេ​។ នេះ​ជា​រឿង​ដ៏​អាក្រក់​បំផុត​”​។ លោក​បាន​បន្ថែមថា មនុស្ស​ចំនួន​២៥​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។​

ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង ទឹកទន្លេ​បាន​ឡើង​ផុត​ច្រាំង​ហើយ​ជន់​លិច​សហគមន៍​ជាច្រើន​នៅក្នុង​ស្រុក​ចំនួន​១១​នៃ​កោះ Sulawesi ភាគខាងត្បូង​។ ផ្នែក​ខ្លះ​នៃ​ទីក្រុង Makassar ក៏​រង​ផលប៉ះពាល់​ផងដែរ​។​

ស្រុក Gowa គឺ​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយមាន​មនុស្ស​ចំនួន​៤៤​នាក់​ត្រូវបាន​គេ​រកឃើញ​ស្លាប់​។​
​មនុស្ស​ប្រមាណ​៣,៤០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​ហើយ​បាន​ចូល​ជ្រកកោន​នៅក្នុង​សាលារៀន វិហារ​ឥស្លាម​និង​តង់​។​

អ្នក​ជួយសង្គ្រោះ​និង​អ្នកស្រុក​បាន​ដើរកាត់​តាម​ដងផ្លូវ​ដែល​ពោរពេញ​ដោយ​ទឹក​ជម្រៅ​ត្រឹម​ចង្កេះ​ហើយ​អ្នកខ្លះ​មាន​ទូល​ទ្រព្យសម្បត្តិ​និង​របស់របរ​របស់​ពួកគេ​។​

អាជ្ញាធរ​និយាយថា ទឹកជំនន់​កំពុង​ស្រក​ចុះ​ប៉ុន្តែ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​នេះ​បាន​រាលដាល​យ៉ាង​ធំធេង​ដោយ​ធ្វើ​ឲ្យ​ខូចខាត​ដល់ផ្ទះ អគារ​រដ្ឋាភិបាល សាលារៀន​និង​ស្ពាន​។​

ការបាក់​ដី​និង​ទឹកជំនន់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​រឿង​ធម្មតា​ក្នុង​រដូវ​មូសុង​ចន្លោះ​ខែតុលា​ដល់​ខែមេសា​នៅពេលដែល​ទឹកភ្លៀង​បាន​ធ្លាក់ចុះ​ក្នុងប្រទេស​ប្រជុំ​កោះ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

កាលពី​ខែតុលា ទឹកជំនន់​ភ្លាមៗ​និង​ការបាក់​ដី​បានសម្លាប់​មនុស្ស​យ៉ាងតិច​២២​នាក់​នៅក្នុង​ស្រុក​មួយចំនួន​លើ​កោះ​ស៊ូ​ម៉ា​ត្រា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu