ភ្នំពេញ ៖ ដូចដែលអ្វីដែលបានសន្យា និងប្រកាសជាសាធារណៈ នៅលើបណ្តាញផ្សព្វផ្សាយសង្គមតារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បន្ទាប់ពីឈ្នះក្តីទទួលបានសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ ពីភាគីថៅកែហាងសមុទ្រ និងបុរសស្រវឹងស្រា លោក ឆេង រស្មី ដែលបានជះ និងគប់កំប៉ុងស្រាបៀលើខ្លួននោះ ពេលនេះថវិកាមួយចំនួន ត្រូវបានបន្តបរិច្ចាគតាមរយៈការងារមនុស្សធម៌ជួយសង្គម។
ជាក់ស្តែងកាលពីថ្ងៃ១៥មករា តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស បានបង្ហាញវត្តមានតាមរយៈការងារមនុស្សធម៌ជាមួយគូស្នេហ៍ លោក ងួន ចាន់ដេវីត(G-Devith)ដោយបាននាំយកថវិកាចំនួន៣ពាន់ដុល្លារ ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាដូចការសន្យារបស់ខ្លួននាពេលកន្លងមក ពោលគឺអំឡុងគ្រាមានរឿងចម្រូងចម្រាសជាមួយភាគីបង្ក គឺលោក ឆេង រស្មី និងថៅកែហាងសមុទ្រ។
បង្ហោះភ្ជាប់ជាមួយរូបភាព នៃការប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍បានលើកឡើងថា មកដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយចាស តាមការសន្យាមកធ្វើបុណ្យណា if you ជេរប្រយ័ត្នBAB។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា៣.០០០ដុល្លារថ្មី សូមឲ្យពួកខ្ញុំជួបតែរឿងល្អៗG-Devith ធ្វើបុណ្យស្អាតជាតិមុខ ធ្វើមុខស្អាត ជាតិនឹង ពាក្យចាស់ ប្រាប់ថា សប្បាយនឹងបុណ្យ កុំសប្បាយនឹងBAB ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ស្របពេលជាមួយគ្នានេះដែរ គឺមានទស្សនិកជនជាច្រើនបានបង្ហាញការគាំទ្រ និងលើកសរសើរ លើទង្វើរបស់ តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស ដែលបានគោរពតាមពាក្យសន្យា ខណៈដែលកន្លងមកនាងប្រកាសថា ថវិកាដែលទទួលបានពីការឈ្នះក្តីទាំងអស់ ត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាមួយផ្នែក និងនៅសល់ប៉ុន្មានទៀត សម្រាប់ជួយដល់មណ្ឌលកុមារកំព្រា ចាស់ជរា និងអ្នកសិល្បៈជើងចាស់ដែលធ្លាក់ខ្លួនឈឺបាត់បង់សមត្ថភាពសម្ដែងជាដើម។
សូមបញ្ជាក់ថា តារាស្រីពូកែខាងចាក់ក្បាច់រាំពត់ពែនខ្លួន កញ្ញា ទេព បូព្រឹក្ស កាលពីថ្មីៗកន្លងមកនេះបានផ្ទុះនូវព័ត៌មានដ៏រសើប និងភ្ញាក់ផ្អើលខ្លាំងសម្រាប់ទស្សនិកជនស្ទើរមួយប្រទេស ក្រោយពេលដែលនាងត្រូវបានបុរសស្រវឹងយកស្រា និងកំប៉ុងស្រាបៀគប់លើខ្លួនអំឡុងពេលឡើងច្រៀងនាកម្មវិធីប្រគំតន្ត្រីសប្បាយមួយ ស្ថិតនៅក្នុងហាងសមុទ្រ។ ប៉ុន្តែក្រោយពេលកើតរឿងរ៉ាវនេះឡើងនាងក៏បានប្តឹងទាមទារសំណងជំងឺចិត្តពីភាគីបង្ក ដោយទទួលបានចំនួន១ម៉ឺនដុល្លារ ខណៈថវិកាទាំងអស់នេះ នាងសន្យាបរិច្ចាគជួយសង្គមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments