ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងទៅកាន់លោក David Wigglesworth នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) លីមីធីត រង់ចាំសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីទប់ស្កាត់ បង្ក្រាបផលិតផលខុសច្បាប់ នៅតាមហាងលក់ទំនិញ និងទីផ្សារ។
លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍បែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ នៅក្នុងជំនួប ជាមួយ លោក David Wigglesworth នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) លីមីធីត អំពី កម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន និងទាក់ទាញវិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
នាឱកាសនោះ រដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចងក្រងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗដូចជា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ដែលនៅពេលអនុម័ត នឹងជួយពង្រឹងតួនាទី និងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការទប់ស្កាត់ទំនិញខូចគុណភាព និងខុសច្បាប់ ព្រមទាំងសកម្មភាពធុរកិច្ចមិនស្មោះត្រង់ នៅក្នុងប្រទេសកម្ពុជា។ លើសពីនោះ លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការគាំទ្រ ចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការផលិតភេសជ្ជៈកូកា-កូឡា សម្រាប់បម្រើវិស័យទេសចរណ៍ នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកាស៊ីណូ ព្រមទាំងការចូលរួមទប់ស្កាត់សកម្មភាពឃោសនាពាណិជ្ជកម្ម ដែលមានលក្ខណៈបោកបញ្ឆោតអ្នកប្រើប្រាស់ នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីបណ្តាញសង្គមនានា។
ជាការឆ្លើយតប លោក David Wigglesworth បានជម្រាបជូន លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អំពីវឌ្ឍនភាពធុរកិច្ចរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) លីមីធីត ដែលកាលពីឆ្នាំ២០១៨ ប្រាក់ចំណេញពីការលក់សរុបរបស់ក្រុមហ៊ុន បានកើនឡើង ១២% ព្រមទាំងបានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ដែលកន្លងមក តែងតែគាំទ្រផលិតផលកូកា-កូឡា និងប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា លីមីធីត។
លោក David Wigglesworth ក៏បានជម្រាបជូន លោករដ្ឋមន្ត្រី អំពីកម្មវិធីសង្គហធម៌ (ការជួយសង្គម) របស់ក្រុមហ៊ុន និងបានសន្យាផ្តល់នូវប៉មទឹកស្អាតមួយ ដែលមានសមត្ថភាពចម្រោះទឹកស្អាតចំនួន ១០០០លីត្រ ក្នុងមួយថ្ងៃ អាចជួយបង្ការជំងឺរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ជូនក្រសួងពាណិជ្ជកម្ម ដើម្បីប្រើប្រាស់ទៅតាមតម្រូវការចាំបាច់៕
Source: Kampuchea Thmey Daily
0 Comments