ក្រោយធ្លាក់ចេញពីLeo Pre-Season Cup 2019 ត្រឹមវគ្គ៨ក្រុមចុងក្រោយ នៅប្រទេសថៃ ក្រុមភ្នំពេញក្រោន សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបន្តហ្វឹកហាត់និងប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសក្បែរខាងនេះមួយរយៈសិន ដើម្បីពង្រឹងបច្ចេកទេសកីឡាករត្រៀមស្វាគមន៍រដូវកាលថ្មីខាងមុខនេះ។
ចំពោះសកម្មភាពប្រកួតមិត្តភាពវិញ បន្ទាប់ពីបានយកឈ្នះលើក្រុមArmy Regional 2 របស់ម្ចាស់ផ្ទះថៃ ដោយលទ្ធផល៣ទល់២ នៅពេលនេះក្រុមភ្នំពេញក្រោន បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Buriram United សមាជិកលីគកំពូលប្រទេសថៃ ៤ទល់១ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ សប្តាហ៍នេះលើទីលានកីឡដ្ឋានKhao Kradong Stadium ក្នុងខេត្ត Buriram។ ម្ចាស់គ្រាប់បាល់ជ័យជម្នះក្នុងប្រកួតនេះបានដោយកីឡាករ Jhonata Santanna, Darlan Martins ២គ្រាប់ម្នាក់ឯងនិង យើស មូស្លីម។
សូមរំលឹកថា ថ្មីៗនេះក្រុមភ្នំពេញក្រោន បានធ្លាក់ចេញពីពានរង្វាន់ Leo Pre-Season Cup 2019 ក្រោយចាញ់ក្រុមម្ចាស់ផ្ទះNakornratchasima Mazda FC ៤ទល់០។ ក្រុមរបស់កម្ពុជា មួយនេះក៏បានណាត់ក្រុមខ្លាំងរបស់ថៃមួយទៀតប្រកួតមិត្តភាពដែរគឺក្រុមMuangthong United ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទនៃការប្រកួតទេ ដោយសារតែក្រុមនីមួយៗសុទ្ធតែមានកាលវិភាគមមាញឹកព្រោះត្រូវចូលរួមប្រកួតពានត្រៀមរដូវកាល និងការប្រកួតមិត្តភាពរៀងៗខ្លួនជាមុនសិន។
ថ្មីៗនេះក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ៕
Source: Kampuchea Thmey Daily
0 Comments