Ad Code

ក្លិប​អាស៊ី​អឺរ៉ុប ចុះ​កិច្ចសន្យា​នាំយក​កីឡាករ​ជប៉ុន​ម្នាក់​ធ្លាប់​លេង​នៅក្រៅ​ស្រុក​ច្រើន​ឆ្នាំ



ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) សំបូរ​ទៅ​បាន​បង្ហាញ​ប្រាប់​អ្នកគាំទ្រ​នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សប្ដាហ៍​នេះ​ថា​ ក្លិប​សម្រេច​ចុះកិច្ចសន្យា​នាំយក​កីឡាករ​ជប៉ុន​១​រូប​ ដែល​ធ្លាប់​មាន​បទពិសោធន៍​ប្រកប​អាជីព​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​នៅ​អាមេរិក​ឡាទីន អឺរ៉ុប និង​អាស៊ី ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​ខាងមុខ​។

យោងតាម​ការ​បញ្ជាក់រ​បស់​ក្លិប​កីឡាករ​រូប​នេះ​មាន​ឈ្មោះថា​ TSUBASA MITANI លេង​ជា​ខ្សែបម្រើ​មាន​វ័យ​២៦​ឆ្នាំ ខណៈ​រូបគេ​បាន​លេង​នៅ​ក្លិប Racing de Cordoba របស់​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ២០១៣ ខណៈ​២​រដូវ​កាល​ក្រោយ​បាន​ផ្ទេរ​ទៅលេង​ក្លិប Shiko នៅ​ប្រទេស​ជប៉ុន​វិញ​។ នៅ​ឆ្នាំ​២០១៦ រូបគេ​បាន​ចេញ​ទៅលេង​នៅ​ក្លិប Stara Rise នៅ​ប្រទេស​ឆេ​ក និង​បន្ត​ទៅ​ប្រទេស​លី​ទុយ​អា​នី ជាមួយ​ក្លិប FK Panecezys និង​ចុងក្រោយ​ចូលរួម​ជាមួយ​ក្លិប Samit Kabin United ប្រទេស​ថៃ​។

យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់ ​ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ត្រូវ​តែ​មាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ គិត​ត្រឹម​ពេលនេះ​ក្រុម​អាស៊ី​អឺរ៉ុប ទើបតែ​បង្ហាញ​កីឡាករ​បរទេស​ផ្លូវការ​របស់​ខ្លួន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​TSUBASA MITANI តែម្តង​។

ក្លិប​មួយ​នេះ​ធ្លាប់​បាន​លើក​ឡើង​ថា ​កូនក្រុម​របស់​ខ្លួន​កាលពី​រដូវ​កាល​២០១៨​កន្លងទៅ​នៅសល់​ប្រមាណ​ជាង​១០​នាក់​ប៉ុណ្ណោះ ដោយសារ​អ្នកខ្លះ​ផ្លាស់​ទ្រនំ​ថ្មី និង​មួយ​ចំនួន​ទៀត​បាន​បញ្ចប់​អាជីព ស្រប​ពេល​ថ្មីៗ​នេះ​ក្លិប​បាន​ធ្វើ​តេស្ត​សមត្ថភាព​កីឡាករ​យុវជន​ជាច្រើន​នាក់​ហើយ​ជម្រុះ​នៅសល់​ជាង​២០​នាក់​មុន​សម្រេច​ជ្រើស​រើសយក​អ្នក​ល្អ​ចូលរួម​ក្នុង​ក្រុម​។

បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់​ជាតិ​ក្រោយ​ចាញ់​ក្រុម​ជើងឯក​ក្រសួងការពារជាតិ ដោយ​លទ្ធផល​ទាំង​២​ជើង ១០​ទល់​២៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu