ព្រះវិហារ ៖ ប្រតិភូខណ្ឌចំនួន២ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ឋ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ។
លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសាំ ពិសិដ្ឋ ជំនួសមុខឲ្យប្រតិភូ ក្នុងឱកាសនោះបានថ្លែងកោតសរសើរ ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនឲ្យសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមិល្លីម៉ែត្រ។
ក្នុងឱកាសនោះក្រៅពីសួរសុខទុក្ខនោះ គណៈប្រតិភូបានជូនអំណោយរួមមាន មានទឹកក្រូច ៨០កេស ស្រាបៀរ ៥០កេស និងមីម៉ាម៉ា ៨០កេស ព្រមទាំងផ្តល់ថវិកាដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ចំនួន ២៨២នាក់ ដោយម្នាក់ៗទទួលបាន ៤ម៉ឺនរៀល ។ ចំណែកមេបញ្ជាការភូមិភាគ ម្នាក់ ៥០ម៉ឺនរៀល ។ មេវរៈ ម្នាក់ ៤០ម៉ឺនរៀល និងអនុវរៈ ចំនួន ៦នាក់ ដោយម្នាក់ៗ បាន ២០ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments