Ad Code

ឃុំខ្លួន​ថៅកែ​ និង​មេការ​ខារ៉ាអូខេ​ប្រូ​៣​នាក់ បាត់​មេការ​ខ្មែរ​



ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ បុរស​វៀតណាម​ម្នាក់ និង​ស្ត្រី​វៀតណាម​ម្នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​ប្រូ។​

សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៣​ ខែមករា ​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនបរទេស​ទាំង​៣​នាក់ ​មកកាន់​អយ្យការ​អម​តុលាការ​ ដើម្បី​ធ្វើការ​សាកសួរ​ករណី​ប្រើ​ប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន ​នៅ​ទីតាំង​ប្រូ​ខេ​ធី​វី​ប្រូ​ខារ៉ាអូខេ​។ ការសាកសួរ​នៅ​អយ្យការ​រយៈពេល​២​ថ្ងៃ ទើប​ លោក​ សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​បានសម្រេច​ចោទ​ប្រកាន់​បុរស​ជនជាតិ​កូរ៉េ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ខា​រា​អូ​ខេ បុរស​ជនជាតិ​វៀតណាម ជា​មេការ និង​ស្ត្រី​វៀតណាម ជា​មេការ​ស្រី​ ពីបទ​សម្រួល​ឲ្យ​ប្រើ​ប្រាស​គ្រឿងញៀន បទ​រក្សាទុក​សារធាតុ​ញៀន និង​បទ​ជួញដូរ​គ្រឿងញៀន តាម​មាត្រា​៤០​ នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន ​ហើយ​បញ្ជូន​សំណុំរឿង ​និង​ជន​ត្រូវ​ចោទ​ឲ្យ​ចៅក្រម​សម្រេច​ឃុំខ្លួន​នា​ថ្ងៃនេះ។​

ចំណែក​មេការ​តូច​ជនជាតិខ្មែរ​ជា​អ្នកចាត់ចែង​ទូទៅ​នៅ​ក្នុង​ក្លឹប​កម្សាន្ត​នេះ​ ដែល​សមត្ថកិច្ច​បាន​ថត​រូប ​និង​បង្ហាញ​អត្តសញ្ញាណ ​រួមជាមួយ​ម្ចាស់​ទីតាំង​ និង​មេការ​ធំ​នោះ​ មិនឃើញ​បញ្ជូន​មក​តុលាការ​ទេ ហើយ​បែរជា​ចេញ​ស្ត្រី​វៀតណាម​ទៅវិញ​ឆ្កុយ។​

ជនជាប់ចោទ​ទាំង​៣​នាក់​នេះ ​មាន ឈ្មោះ ​ចា ជឿ​ង​មីន ភេទ​ប្រុស​ ជនជាតិ​កូរ៉េ​ ជា​ម្ចាស់​ទីតាំង​ប្រូ​ខេ​ធី​វី​ប្រូ​ខារ៉ាអូខេ។​

ឈ្មោះ ង្វៀង ទាន់​ណាន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​ជនជាតិ​វៀតណាម និង​ឈ្មោះ​ ង្វៀង ចា​មី ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ ជនជាតិ​វៀតណាម​។​

ចំណែក​មេការ​តូច​ជន​ជាតិ​ខ្មែរ​ ជា​អ្នកចាត់ចែង​ទូទៅ​នៅក្នុង​ក្លឹប​កម្សាន្ត​នេះ​ ដែល​មិន​ឃើញ​សមត្ថកិច្ច​បញ្ជូន​មក​តុលាការ​នោះ ​ឈ្មោះ​ ហ៊ុត ជឿ​ង ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​ជនជាតិខ្មែរ។ បើតាម​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យ​ដឹងថា ឈ្មោះ​ ហ៊ុត ជឿ​ង ជនជាតិខ្មែរ ជា​មេការ​តូច ត្រូវ​បាន​គេ​ដោះលែង​ហើយ។​

គួររំលឹកថា​ កាល​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩ ​ខែ​មករា ​ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​ខារ៉ា​អូខេ (​ប្រូ​) ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៧៥៧ និង​៧៥៨ ភូមិ​៧​ក្នុង សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ដែល​ពោរពេញ​ទៅ​ដោយ​ក្រុម​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿង​ញៀន​​។​

ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បានធ្វើ​ការ​ឃាត់​ខ្លួន មនុស្ស​ប្រុស​ស្រី​ចំនួន​៥៨​នាក់។​ ក្នុងនោះ​មាន​ស្រី​២៤ ប្រុស​៣៤​នាក់ និង​ចម្រុះ​៥​ជាតិ​សាសន៍​មាន ១.​ជនជាតិ​ចិន​ចំនួន​២៩​នាក់ ស្រី​៥​នាក់, ២.​ជន ជាតិ​វៀតណាម​ចំនួន​២៣​នាក់ ស្រី​១៥​នាក់ ,៣.​ជនជាតិ​ថៃ​ចំនួន​២​នាក់ សុទ្ធតែ​ស្ត្រី​,៤.​ជនជាតិខ្មែរ​ ៣​នាក់ ស្រី្ត​ទាំង​២​នាក់ ,និង​៥.​ជនជាតិ​កូរ៉េ​ម្នាក់​ប្រុស និង​ចាប់យក​វត្ថុតាង ១.​ថ្នាំញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី គ្រាប់​ទម្ងន់​២,០៥​ក្រាម,​២.​ថ្នាំញៀន​ម្សៅ​ប្រភេទ គេ​តា​មីន ៦,៥៨​ក្រាម ,៣.​ថ្នាំញៀន​ម្សៅ​ប្រភេទ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី៩៧,០៨​ក្រាម។​

ក្រោយពេល​ឃាត់ខ្លួន ​សមត្ថកិច្ច​បាន​ធ្វើ​តេស្ត​ពិនិត្យ​ទឹកនោម​រកឃើញថា មនុស្ស​៥២​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន (​វិជ្ជមាន​) និង​៦​នាក់​អវិជ្ជមាន។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​មាន​បុរស/ស្ត្រី​ជា​ជនបរទេស​៣​នាក់​ប៉ុណ្ណោះ ​ត្រូវ​បញ្ជូន​មក​តុលាការ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu