Ad Code

កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គាំទ្រ​លោក Maduro ខណៈ​មានការ​ប្រឈមមុខ​យ៉ាងខ្លាំង​ជាមួយ​អាមេរិក



យោធា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បានបង្ហាញ​ការគាំទ្រ​ដល់​លោក Nicolas Maduro កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Juan Guaido ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ បាន​ជំរុញ​ឲ្យ​មានការ​ជំទាស់​ដោយ​ផ្ទាល់​ចំពោះ​សិទ្ធិ​អំណាច​របស់​គាត់​ ហើយ​ជោគវាសនា​នៃ​ប្រទេស​ដែល​រងគ្រោះ​ដោយ​វិបត្តិ​មួយ​នេះ ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​។​

ខណៈដែល​ចំនួន​អ្នកស្លាប់​ដោយសារ​បាតុកម្ម​តាម​ដងផ្លូវ​បាន​កើនឡើង​ដល់​២៦​នាក់​នោះ លោក Maduro បានប្រកាស​បិទ​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ប្រចាំ​សហរដ្ឋអាមេរិក​, មួយថ្ងៃ​បន្ទាប់ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បានប្រកាសថា របប​របស់គាត់​គឺ “​មិន​ស្របច្បាប់​”​។​

ប្រទេស​សម្បូរ​ប្រេង​ប៉ុន្តែ​មាន​សេដ្ឋកិច្ច​ទ្រុឌ​ឌ្រោ​ម​មួយ​នេះ​បាន​ធ្លាក់​ចូលទៅក្នុង​ភាពមិនប្រាកដប្រជា​កាល​ពីថ្ងៃ​ពុធ​នៅពេល​លោក Guaido ដែលជា​ប្រមុខ​រដ្ឋសភា​វ័យ​៣៥​ឆ្នាំ​បានប្រកាស​ខ្លួនឯង​ថា​ជា “​ប្រធានាធិបតី​ស្តីទី​” ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាង​ឆាប់រហ័ស​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​និង​មហាអំណាច​ក្នុង​តំបន់​ជាច្រើន​រួមមាន​ទាំង​ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន​និង​កូ​ឡុំ​ប៊ី​ផងដែរ​។​

ការជាប់ឆ្នោត​ជាថ្មី​របស់លោក Maduro កាលពី​ឆ្នាំមុន​ត្រូវបាន​ជំទាស់​ដោយ​គណបក្សប្រឆាំង​និង​ទទួលរង​ការរិះគន់​ជា​អន្ដរជាតិ​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មេដឹកនាំ​សង្គមនិយម​រូបនេះ​នៅតែ​រក្សា​ភក្ដីភាព​ជាមួយ​យោធា​។​

លោក Vladimir Padrino រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​ប្រទេស​នេះ​បានប្រកាសថា លោក Maduro វ័យ​៥៦​ឆ្នាំ​គឺជា “​ប្រធានាធិបតី​ស្របច្បាប់​” ហើយ​បាន​ប្តេជ្ញា​ការពារ​សិទ្ធិអំណាច​របស់គាត់​ប្រឆាំងនឹង​ការប៉ុនប៉ង “​ធ្វើ​រដ្ឋប្រហារ​”​។​

បន្ទាប់ពី​ការដឹកនាំ​របស់លោក Padrino, មេបញ្ជាការ​ប្រាំបី​នាក់​ទៀត​បាន​អះអាង​ជាថ្មី​អំពី​ភាពស្មោះត្រង់​និង​ការ​ស្តាប់​បញ្ជា​របស់​ពួកគេ​ចំពោះ​មេដឹកនាំ​សង្គមនិយម​រូបនេះ​នៅក្នុង​សារ​ដែល​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​។​

ហើយ​តុលាការ​កំពូល​បានបញ្ជាក់​ឡើងវិញ​នូវ​ភក្ដីភាព​របស់ខ្លួន​ចំពោះ “​អំណាច​ស្របច្បាប់​” របស់លោក Maduro​។​

ចំណែកឯ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​បន្ត​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ឆ្វេងនិយម​រូបនេះ​ខណៈដែល​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​វិបត្តិ​នេះ​ជាបន្ទាន់​។​

លោក Maduro ខឹងសម្បារ​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ពុធ​ដោយ​បានចេញ​បញ្ជា​ឲ្យ​អ្នកការទូត​អាមេរិក​ចាកចេញ​ពី​ប្រទេស​នេះ​ក្នុង​រយៈពេល​៧២​ម៉ោង​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​និយាយថា លោក​នឹង​កោះហៅ​អ្នកការទូត​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទាំងអស់​មកពី​សហរដ្ឋ​អាមេរិក​។​

ទន្ទឹមនឹង​នេះដែរ ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ជា​ឲ្យ​បុគ្គលិក​មិន​សំខាន់​របស់ខ្លួន​ត្រូវ​ចាក​ចេញពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ប៉ុន្តែ​បាន​បដិសេធ​សម្រាប់​ការបណ្តេញចេញ​ទាំងស្រុង​ដោយ​និយាយថា ខ្លួន​នឹង​រក្សា​ចំណងទាក់ទង​ការទូត​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស្តីទី Guaido៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu